ចិន៖ សហរដ្ឋអាមេរិកគឺជាការគំរាមកំហែងនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបដិសេធការលើកឡើងរបស់មន្ត្រីយោធាអាមេរិកមួយចំនួន ក្នុងការបំភាន់អ្វីដែលគេហៅថា “ការគំរាមកំហែងនុយក្លេអ៊ែរ” និង “អាកប្បកិរិយាសម្លុត” ដោយនិយាយថា សហរដ្ឋអាមេរិកទៅវិញទេ គឺជាការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតចំពោះសហគមន៍អន្តរជាតិ និងជាប្រទេសមួយដែលធ្វើឱ្យអន្តរាយដល់ សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានច្បាប់។
អ្នកនាំពាក្យក្រសួងការពារជាតិលោក វូ គាន បាននិយាយថា មន្ត្រីអាមេរិកមិនអើពើនឹងការពិត និងចូលរួមនៅក្នុងការរំពឹងទុកដោយគ្មានមូលដ្ឋាន ក្នុងគោលបំណងបង្ហាញភាពត្រឹមត្រូវ នៃការអភិវឌ្ឍន៍កងកម្លាំងនុយក្លេអ៊ែរផ្ទាល់របស់សហរដ្ឋអាមេរិក ក៏ដូចជាការរក្សា និងពង្រឹងអនុត្តរភាពសកលរបស់ខ្លួន។ លោក វូ បានបញ្ជាក់បន្ថែមដូច្នេះថា មហាអំណាចនេះត្រូវបានគេដឹងថា មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតក្នុងពិភពលោក។
លោកថា ដើម្បីធានាបាននូវសន្តិសុខ និងឧត្តមភាពយោធាទាំងស្រុងរបស់ខ្លួននោះ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិជាច្រើនស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយ ដោយបានជំរុញយ៉ាងខ្ជាប់ខ្ជួននូវការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលនៅទូទាំងពិភពលោក, ព្យាយាមដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមដែលមានមូលដ្ឋាននៅលើដីទាំងនៅអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ហើយបានបង្កើត “ចង្កោម” ដូចសង្រ្គាមត្រជាក់ តាមរយៈវិធីជាច្រើន។
លោកបន្ថែមថា ទង្វើបែបនេះបានបង្កើនហានិភ័យ នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែ ឬសូម្បីតែសង្គ្រាមនុយក្លេអ៊ែរ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។
លោក វូ ក៏បានរំលឹកឡើងវិញផងដែរ នូវយុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពាររបស់ចិន និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយនុយក្លេអ៊ែរ ដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏មិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរនោះដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា