ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធាន ក្រុមការងារគណបក្សចុះ មូលដ្ឋាន ខេត្ត កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលឃោសនាបោះឆ្នោត និងដាក់ចេញនូវផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្ត រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីដណ្តើមជ័យជំនះឱ្យខាងតែបានជូនគណបក្សនិងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍និងលទ្ធផលនៃយុទ្ធនាការឃោសនាបោះ ឆ្នោតឃុំអាណត្តិទី៥ ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ តាមបណ្តាមូលដ្ឋានឃុំនៅក្នុងស្រុកទូទាំងខេត្តកណ្តាល។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនឈរឈ្មោះ ទាំងពេញសិទ្ធិ និងមប្រុង, សកម្មជន, យុវជន និងក្រុមការងារគណបក្សគ្រប់លំដាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកទល់នឹងពេលនេះ ទាំងការឃោសនាប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត និងការចុះឃោសនានិងជួបស មាជិកតាមខ្នងផ្ទះ ព្រមទាំងសកម្មភាពតាមមណ្ឌលសកម្មភាពនីមួយៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែក ទាំងស្មារតី និងសម្ភារៈរបស់មន្រ្តីគណបក្សគ្រប់លំដាប់ ដើម្បីម្ខាងក្នុងបុព្វហេតុចិញ្ចឹមចលនាការគាំទ្រមកលើការដឹកនាំរបស់គណបក្សប្រជាជន និងម្ខាងទៀត ដើម្បីធ្វើឱ្យមានប្រែប្រួលមុខមាត់ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន នៅក្នុងរយៈកាលកន្លងមក។ ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែនាំមុខ និងមានប្រៀប ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្តជាច្រើនរាប់មិនអស់ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចបានជូនប្រទេសជាតិ និងប្រជាជនជាបន្តបន្ទាប់។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន បានធ្វើការកែសម្រួល និងសម្រួចបន្ថែមយុទ្ធសាស្រ្ត និងផែនការសកម្មភាពមួយចំនួន ព្រមទាំងដាក់ចេញនូវវិធានការថ្មី ពាក់នឹងការឃោសនាបោះឆ្នោត និងការបដិឃោសនា ស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានណែនាំដល់ប្រធានក្រុមការងារគណបក្សស្រុកត្រូវបន្តណែនាំដល់បេក្ខជន និងសកម្មជនគណបក្សទាំងអស់បន្តខិតខំផ្សព្វកម្មវិធីនយោបាយរបស់បក្ស និងកម្មវិធីអភិវឌ្ឍន៍ឃុំ ២០២២-២០២៧ តាមមូលដ្ឋានឃុំនិងស្រុកទូទាំងខេត្ត ឱ្យបានយល់ជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ពិសេសសមាជិកក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិត្តទុកដាក់អនុវត្តទៅផែនការណែនាំ និងផែនការសកម្មភាពការងារ ដែលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ដោយមិនត្រូវមានភាពស្កប់ស្កល់ ហើយភ្លេចខ្លួនខ្វះការប្រុងប្រយ័ត្នឡើយ។ ទន្ទឹមនេះ គ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប ដើម្បីធ្វើឱ្យបរិយាកាសនៃការឃោសនាបោះឆ្នោតជាទូទៅនៅក្នុងមូលដ្ឋានស្រុក ប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមកំហែង។ ជាមួយនេះ ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត សំដៅធ្វើយ៉ាងឱ្យសមាជិកសមាជិកាគណបក្សទាំងអស់អាចចូលរួមការបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺដើម្បីធានាថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យបានផ្តល់ការណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តក្តាប់សតិអារម្មណ៍ និង ក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋាន ហើយខិតខំដោះស្រាយកង្វល់ និងចំណុចខ្វះខាតទាំងនោះឱ្យចំបញ្ហា ដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវប្រងើយកន្តើយឡើយ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការរបស់ប្រជាជនជាក់ស្តែងនៅមូលដ្ឋាន រួចខិតខំដោះស្រាយជូនពួកគាត់។ ទន្ទឹមនេះ មន្រ្តីបក្សមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ឃុំភូមិ និងមន្រ្តីគណៈពង្រឹងគ្រប់លំដាប់ត្រូវរួមជាអង្គតែមួយ ហើយត្រូវបន្តរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការក្នុងស្មារតីជាក្រុម។ ឯកឧត្តមបានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបានផ្តាំផ្ញើសូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវយកចិត្តទុកដាក់ចំពោះក្រុមជនទាំងឡាយណា ដែលមានបំណងចង់បង្កចលាចលដល់ការបោះឆ្នោត និងបំផ្លាញការបោះឆ្នោត ៕ ប្រភព ៖ ខេត្តកណ្តាល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner