គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែឧសភានេះ បានជម្រាបជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងបណ្ដាស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងអស់ថា គ.ជ.ប បានចេញសេចក្ដីសម្រេច លេខ១៧៩ គ.ជ.ប ស.ស.រ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  

គ.ជ.ប បានបញ្ជាក់ថា ភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមពិនិត្យមើលការបោះឆ្នោត មិនមែនក្នុងនាមជាអ្នកសង្កេតការណ៍។ ភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប រួមទាំងអ្នកបកប្រែភាសា ត្រូវពាក់ប័ណ្ណសម្គាល់ជាភ្ញៀវពិសេស ដែលចេញដោយ គ.ជ.ប នៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយមិនតម្រូវឱ្យចុះវត្តមាននោះទេ។

គ.ជ.ប បានបញ្ជាក់ទៀតថា ភា្នក់ងារសន្តិសុខបោះឆ្នោត ដែលបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្រ្តីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេសដែលចូលទៅពិនិត្យមើលការបោះឆ្នោតឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ជូនថា ស្ថានទូត និងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមក គ.ជ.ប ដោយភ្ជាប់មកជាមួយនូវបញ្ជីរាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំងរូបថតទំហំ ៤x៦ ចំនួន ១ សន្លឹកក្នុងម្នាក់ៗ៕ 

ដោយ៖ពលជ័យ

រូបភាព៖គ.ជ.ប

ads banner