ផ្ទះពលរដ្ឋជាង១២ខ្នង នៅក្រុងប៉ោយប៉ែត ត្រូវបានអគ្គិភ័យលេបត្របាក់ និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់

បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋជាង១២ខ្នង នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានរងនូវការឆាបឆេះ ដែលបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍។

យោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា១១និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅមុខសាលាចិនភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដដែលបាននិយាយថា ករណីឆាបឆេះបង្កឡើងមកពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តឆ្លាមបុកជាមួយម៉ូតូកង់បី ហើយរេចង្កូតចូលទៅបុកនឹងធុងហ្គាសបញ្ចូលរថយន្តដែលតម្រៀបលក់ក្នុងផ្ទះបណ្តាលឲ្យផ្ទុះឆេះជាបន្តបន្ទាប់ និងរាលដាលផ្ទះអ្នកបញ្ចូលហ្គាសរថយន្តដូចគ្នា។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ក្នុងហេតុការណ៍បុកប៉ះជាម៉ូតូកង់បីនេះ គេបានឃើញរថយន្តឆ្លាម និងម៉ូតូកង់បី កំពុងឆាបឆេះក្នុងអគ្គិសភ័យ ហើយធុងហ្គាសរាប់រយធុងកំពុងបន្តផ្ទុះ អណ្តាតភ្លើងក៏កំពុងបន្តអំណាចឆេះរាលដាលទៅដល់ផ្ទះដទៃទៀតដែលនៅជាប់គ្នានោះដែរ។ ក្នុងហេតុការណ៍ដែលធុងហ្គាសកំពុងបន្តផ្ទុះសមត្ថកិច្ចនៅមិនទាន់បានចូលទៅគៀកនឹងហេតុការណ៍នោះនៅឡើយទេ ដោយប្រកាសនិងធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋក្បែរនោះចាកចេញ នឹងរង់ចាំឲ្យរថយន្តពន្លត់ចូលទៅគ្រប់គ្រងស្ថានការណ៍ជាមុនសិន។ ក្រោយមានការបាញ់ពន្លត់ពីសំណាក់រថយន្តពន្លត់អគ្គិសភ័យ ភ្លើងបានថមថយបន្តិច សមត្ថកិច្ចក៏បានចូលអន្តរាគមន៍ និងបានទាញយកសាកសពម្នាក់ចេញពីកន្លែងឆាបឆេះ។ សាកសពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ខណៈដែលសាកសពត្រូវបានអគ្គិសភ័យឆាបឆេះរួញមើលពុំស្គាល់ រថយន្ត២គ្រៀងឆេះខ្ទេច។

សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍អគ្គីសភ័យបាននៅម៉ោងប្រមាណជា២រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ទំហំនៃការខូចខាត និងអ្នករងរបួសក្នុងហេតុការណ៍ខាងលើនេះ គេនៅមិនទាន់ដឹងនៅឡើយ ខណៈអ្នកស្លាប់ម្នាក់អាចជាអ្នកបើកបររថយន្តឆ្លាមបង្កគ្រោះថ្នាក់ចរាចរណ៍៕ម.ន ដោយ៖ឃិន គន្ធា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner