គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកិច្ចប្រជុំពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សារ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំជាមួយនិងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សារ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានការចូលរួមពីអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើន។
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានមានប្រសាសន៍ជម្រាបជូនពីការបរិឆ្ឆេទព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គំរប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២២ នាពេលខាងមុខ។
ឯកឧត្តម ក៏បានជម្រុញបន្ថែមទៅលើប្រពន្ទ័ផ្សព្វផ្សាយ ទាំងរដ្ឋ និងឯកជន ត្រូធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាមព្រះហស្ថរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យស្ដេចយាងចុះសួរសុខទុក្ខជួបប្រាស្រ័យផ្ទាល់ជាមួយព្រះសង្ឃ ប្រជារាស្ត្រ និងគ្រប់ព្រះរាជសកម្មភាពរបស់ព្រះអង្គ ក្នុងបុព្វហេតុជាតិ សាសនា និងប្រជារាស្រ្ត។ ផ្សព្វផ្សាយសារលិខិតថ្វាយព្រះពររបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានសំណូមពរដល់ឯកឧត្ដម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល របស់អាជ្ញាធរដែនដីសំដៅបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាបនិងចាត់ចែងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។
គួររំលឹកផងដែរថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។ សម្តេចព្រះមហាក្សត្រីមានព្រះនាមដើម ប៉ូល ម៉ូនិក អ៉ីហ្សហ្ស៉ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៉ីហ្សហ្ស៉ី ដើមកំណើតអ៊ីតាលី តែបានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជនជាតិខ្មែរ។ ព្រះអយ្យិកា របស់ព្រះមហាក្សត្រី ព្រះនាមអ៊ុក។ ព្រះមហាក្សត្រី មានព្រះអនុជព្រះនាម អាន ម៉ារី អ៉ីហ្សហ្ស៉ី (Ann Mary Izzi)។
កាលពីកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅលីសេដេកាត ក្រុងភ្នំពេញ។ សម្តេចម៉ែ អាចមានព្រះបន្ទូលជាភាសាបារាំង និងអង់គ្លេស។ សម្តេចម៉ែ បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៥២។
សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជបុត្រពីរព្រះអង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយព្រះរោគាពាធ។
នៅចុងឆ្នាំ១៩៦០ សម្តេចម៉ែ បំពេញព្រះរាជកិច្ចជាព្រះប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្តេចម៉ែ ទ្រង់ជាមហេសីសំណព្វព្រះហឫទ័យរបស់ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តាប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា ដោយថ្វាយព្រះបរមងារថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕ ដោយ ៖ ង៉ាន់ ទិត្យ