ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បើកកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការទួលវិហារ ក្នុងខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាអនុប្រធានទី 1ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់និងក្រុងសួងបានបើកកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការទួលវិហារ ក្នុងខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី5នៅក្នុងស្រុកក្រុងចំនួន4នៃខេត្តត្បូងឃ្មុំគឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់និងក្រុងសួងដែលមានចំនួន42 ឃុំសង្កាត់បានឱ្យដឹងថាផ្ដើមចេញពីនយោបាយឈ្នះឈ្នះដោយបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាមកគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសដោយធ្វើកំណែទម្រង់ជាបណ្ដើរៗស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោត ក្នុងនោះមានការបោះឆ្នោតអសកលគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនិងការបោះឆ្នោតព្រឹទ្ធសភា ព្រមទាំងការបោះឆ្នោតសកលគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ។

ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ពីឆ្នាំ 2002 រហូតមកដល់បច្ចុប្បន្ននេះបានអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានអាណត្តិរបស់ខ្លួន 5 ឆ្នាំម្ដង។ក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបតែត្រូវបានបោះឆ្នោតរួចកាលពីថ្ងៃទី 5 ខែមិថុនាឆ្នាំ 2022 កន្លងមកនេះគឺស្ថិតនៅក្នុងអាណត្តិទី 5 របស់ខ្លួន។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ និយាយដោយឡែកនៅស្រុកក្រូចឆ្មារក្នុងចំណោម 90 អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន 72 អាសនះស្មើនឹង 80 ភាគរយ គណបក្សភ្លើងទៀនទទួលបាន 16 អាសនៈ និងគណបក្សខ្មែររួបរួមជាតិទទួលបាន2អាសនៈ។រីឯនៅស្រុកត្បូងឃ្មុំ គណបក្សប្រជាជនកម្ពុជាទទួលបាន103អាសនះលើចំនួនអាសនះសរុប126អាសនះនិងគណបក្សភ្លើងទៀនទទួលបាន23អាសនះ។

ដោយឡែកនៅស្រុកមេមត់ គណបក្សប្រជាជនកម្ពុជាទទួលបាន75អាសនះក្នុងចំណោម102អាសនះ និងគណបក្សភ្លើងទៀនទទួលបាន27អាសនះ។ចំពោះក្រុងសួង គណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់សួងទទួលបាន8អាសនះ ក្នុងចំណោម11អាសនះ និងសង្កាត់វិហារហ្លួងទទួលបាន8អាសនះក្នុងចំណោម9អាសនះ។ គណបក្សប្រជាជនកម្ពុជាក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់និងក្រុងសួងនៅតែមានការប្ដេជ្ញាចិត្តរក្សានិងបង្កើនប្រៀបឈ្នះទូទាំងស្រុកក្រុងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5កន្លងមកនេះនិងបន្តបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី 7ឆ្នាំ 2023 ដោយខិតខំអនុវត្តគ្រប់ភារកិច្ចតាមការកំណត់នៃច្បាប់និងលិខិតបទដ្ឋានជាធរមាននានានិងចាត់ទុកថានេះជាកិច្ចការសំខាន់មួយក្នុងការសម្រេចបាននូវប្រៀបឈ្នះនាពេលបោះឆ្នោតសកលឆ្នាំ 2023 ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានបង្ហាញពីការឯកភាពលើរបាយការណ៍ខាងលើនេះនិងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំសង្កាត់និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 នាពេលកន្លងមកនេះដែលចាត់ទុកថានេះជាជំហានមួយដ៏ធំដែលយើងទាំងអស់គ្នាសម្រេចបានហើយលទ្ធផលនេះជាលទ្ធផលគួរជាទីមោទនៈដ៏ត្រចះត្រចង់សាកសមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកសមាជិកានិងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់។

ជ័យជំនះនេះមិនមែនគ្រាន់តែជាជ័យជំនះសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះទេប៉ុន្តែជាជ័យជំនះជាមូលដ្ឋានក្នុងការឈានឆ្ពោះទៅរកជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី 7 នាឆ្នាំ2023 ខាងមុខនេះបន្តទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានចាត់ទុកជ័យជំនះនេះថាពិតជាបានមកពីឥទ្ធិពលរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលមានគោលនយោបាយដ៏ត្រឹមត្រូវប្រសើរថ្លៃថ្លាហើយការដឹកនាំចង្អុលបង្ហាញគឺជាការដឹកនាំប្រកបដោយភាពជោគជ័យ ដោះស្រាយបាននៅគ្រប់កាលៈទេសៈ។

ផ្អែកតាមលទ្ធផលនេះធ្វើឲ្យយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការ ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំទាំងមូលមានក្តីរំភើបរីករាយឥតឧបមាដើម្បីអោយក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការអនុវត្តការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្តទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានបញ្ជាក់ថាជាការពិត

ជ័យជំនះនេះបានមកពីឥទ្ធិពលនៃគណបក្សប្រជាជនកម្ពុជាផងនិងឥទ្ធិពលរបស់បុគ្គលគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រមុខដឹកនាំដ៏ឆ្នើមផងគួបផ្សំនឹងការខិតខំប្រឹងប្រែងពុះពារ ការលះបង់ពេលវេលានិងទ្រព្យសម្បត្តិរបស់សមាជិកសមាជិកាគណបក្សដែលបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមគោលនយោបាយនិងបទបញ្ជារបស់សម្ដេចតេជោប្រកបដោយឆន្ទៈខ្ពស់នោះទើបយើងទាំងអស់គ្នាអាចមានលទ្ធភាពទទួលបានជ័យជំនះដូចពេលនេះបាន។

ក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៏បានផ្ដល់ជូនថវិកាលើកទឹកចិត្តដល់សមាជិកសមាជិកានៃអង្គប្រជុំដែលបានចូលរួមក្នុងម្នាក់ៗ 10ម៉ឺនរៀល។ចំពោះឃុំសង្កាត់ទាំង42 ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់និងក្រុងសួង ទទួលបានថវិកាលើកទឹកចិត្តក្នុងមួយឃុំ សង្កាត់ 10លានរៀល ដោយឡែកចំពោះឃុំសង្កាត់ដែលមានការកើនឡើងនូវចំនួនអាសនៈប្រៀបធៀបនឹងឆ្នាំ 2017 ប្រសិនបើកើនឡើងក្នុង១អាសនៈនឹងទទួលបានថវិកា 10 លានរៀលហើយនឹងបូកបញ្ចូលថវិកានេះតាមចំនួនអាសនៈដែលកើនឡើងបន្ថែមទៀតផងដែរ៕

