ក្រុមយុវជន ៖ របស់កែច្នៃពីកាកសំណល់សំរាមបានជួយកាត់បន្ថយប្លាស្ទិកដែលផ្តល់ផលល្អដល់បរិស្ថាន
ភ្នំពេញ ៖ យុវជនកម្ពុជាបានចាត់ទុកថា របស់កែច្នៃ ពីកាកសំណល់សំរាម គឺមិនត្រឹមតែជួយកាត់បន្ថយសំរាមនៅកម្ពុជាទេ ប៉ុន្តែនៅជួយដល់បរិស្ថានដែលជាផ្នែកមួយនៃសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទៀតផង ។
ពិសេសជាងនេះ កាកសំណល់ដែលអាចប្រើប្រាស់ជំនួសប្លាស្ទិកត្រូវបានយុវជនយល់ថាគឺជារបស់មួយចាំបាច់ ហើយបានធ្វើការជំរុញឱ្យមានការចូលរួមប្រើប្រាស់ឱ្យបានច្រើនចៀសវាងការប្រើប្រាស់ជារបស់ប្លាស្ទិកដែលបង្កការគ្រោះថ្នាក់ទាំងរយៈពេលខ្លី និងរយៈពេលវែងរាប់រយឆ្នាំបន្តទៀត។
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ នាថ្ងៃទី ១៥ ខែមិថុនានៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ ចានផលិតពីកាកសំណល់អំពៅត្រូវបានគេដាក់តាំងបង្ហាញដើម្បីទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ពីបច្ចេកវិទ្យាច្នៃប្រឌិតសម័យថ្មី និងក៏ដូចជាស្វែងយល់ពីការចូលរួមកិច្ចការពារបរិស្ថានផងដែរ។
លោក លោក តាំង សុជាតិ ស្ថាបនិកក្រុមហ៊ុនក្រដាស MG Asia Pacific មានទីតាំងស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញបានឱ្យដឹងថាចានផលិតពីកាកសំណល់អំពៅនេះបានចាប់អារម្មណ៍ខ្លាំងក្លាពីសំណាក់យុវជនដែលមកចូលរួម។
បុរសស្រឡាញ់បរិស្ថានរូបនេះបានបញ្ជាក់ថារូបលោកបានចំណាយពេលអស់ជិត២ឆ្នាំលើដំណើរការផលិតចានធ្វើពីកាកអំពៅនេះ ហើយទីបំផុតផលិតបានជោគជ័យ។ពេលនេះសមទ្ធិផលរបស់គាត់បានដាក់លក់ទៅតាមទីផ្សារទំនើបមួយចំនួនក្នុងក្រុងភ្នំពេញ នាអំឡុងពាក់កណ្តាល ឆ្នាំ ២០២១កន្លងមក។
យុវជន សឿន សុជាត្រា យុវនិស្សិតមួយរូបបានបង្ហាញការគាំទ្រចំពោះការច្នៃប្រឌិតកាកសំណល់សំរាមពីកាកអំពៅបែបនេះមកធ្វើចានគឺវាបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន។ជាមួយគ្នាចំពោះការកែច្នៃកាកសំណល់សំរាមមកប្រើប្រាស់ជាថ្មីនេះដែរក្រៅពីជួយមិនឱ្យសំណល់សំរាមច្រើននៅតាមទីវាលហើយ វានៅជួយឱ្យពលរដ្ឋដែលធ្លាប់តែប្រើសម្ភារៈបា្លស្ទិកងាកមកប្រើរបស់ទាំងនេះជំនួសវិញ។
ដោយឡែកយុវជន មុន្នី ដែលបានមកចូលរួម ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២នេះដែរបានបង្ហាញការចាប់អារម្មណ៍ថាការប្រើប្រាស់របស់ច្នៃប្រឌិតសំរាមមកប្រើប្រាស់ឡើងវិញក្រៅពីជួយដល់បរិស្ថានហើយនៅជួយកាត់បន្ថយប្លាស្ទិកនៅកម្ពុជាទៀតផង។
គួរបញ្ជាក់ថាប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។ជាមួយគ្នាសារធាតុប្លាស្ទិកវា បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ៕ ដោយ៖ម៉ាដេប៉ូ




