ឯកឧត្តម ថោង ខុន ៖ ការមកដល់ពាន FIFA World cup គឺជាការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាយុវជនអូឡាំពិកអាស៊ី នៅឆ្នាំ២០២៩
ភ្នំពេញ៖ ការមកដល់ពាន FIFA World cup នៅពហុកីឡដ្ឋានដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមពហុកីឡដ្ឋានធំៗទាំង១០ នៅអាស៊ី គឺជាការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាយុវជនអូឡាំពិកអាស៊ី នៅឆ្នាំ២០២៩ នេះជាការបញ្ជាក់របស់ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នាពហុកីឡដ្ឋានជាតិមរតកតេជោ ។
ឯកឧត្តម ថោង ខុន បន្តថា ការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកម្ពុជា គឺជារឿងដ៏មានមោទនភាព សម្រាប់ប្រជាជនកម្ពុជាទាំងមូល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានទទួលស្វាគមន៍ និងបានលើកពានដោយផ្ទាល់ កាលពីម្សិលមិញ ។
ហើយការតាំងបង្ហាញ ដើម្បីផ្ដល់ឱកាសឲ្យមហាជន ប្រជាពលរដ្ឋ យុវជន-យុវតី ប្រមាណជាង ២ពាន់នាក់ ដែលបានបំពេញលក្ខខណ្ឌ និងត្រូវបានអនុញ្ញាតឲ្យចូលទស្សនា និងថតរូបអនុស្សាវរីយ៍ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាមោទនភាព ស្របពេលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី ឆ្នាំ២០២៩ នៅទីតាំងប្រវត្តិសាស្ដ្រនេះ ។
ឯកឧត្តម ថោង ខុន បន្ថែម ការជំរុញ និងលើកទឹកចិត្តឲ្យយុវជនយើង មានមោទនភាព ហើយមានសេចក្ដីសប្បាយរីករាយ ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើយ៉ាងម៉េចឲ្យវិស័យកីឡាកាន់តែរីកចម្រើន និងជំរុញស៊ីហ្គេមរបស់យើងឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់» ។
គួរបញ្ជាក់ថា បន្ទាប់ពីការទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាព ។ ពានរង្វាន់បាល់ទាត់ពិភព មាសសុទ្ធទម្ងន់ ៦.១គីឡូក្រាម មានតម្លៃធានារ៉ាប់រង ២០០លានដុល្លារ នឹងត្រូវយកទៅដាក់ឲ្យមានការប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2022 នៅកាតានាចុងឆ្នាំនេះ ៕ ចាន់ វិចិត្រ