លោក ខេស៊ី បាណេត -ការឈ្នះមេដាយជើងឯក នៅថៃ គឺជាចំនុចវិជ្ជមានឆ្ពោះទៅស៊ីហ្គេម ២០២៣
ភ្នំពេញ៖ លោក ខេស៊ី បាណេត (Casey Barnett) អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដមានប្រសាសន៍ថា ការឈ្នះមេដាយសរុប៧គ្រឿង នៅក្នុងការប្រកួតជើងឯកកីឡាចំបាប់ឆ្នេរខ្សាច់ នៅខេត្ត Uttaradit ប្រទេសថៃ គឺជាមធ្យោយបាយដ៏ល្អមួយ សម្រាប់ចំបាប់កម្ពុជា ក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបទពិសោធរបស់ពួកគេ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះបានចាត់ទុកថា «ការចូលរួមប្រកួតរបស់ក្រុមចំបាប់កម្ពុជា ក្នុងការប្រកួតកីឡាចំបាប់ជើងឯកឆ្នេរខ្សាច់ នៅប្រទេសថៃ (Beach Wrestling Championships of Thailand 2202 at Uttaradit Province June 11-18, 2022) នេះ គឺវាមានសារៈសំខាន់ សម្រាប់ប្រភេទកីឡាកម្ពុជា ក្នុងការចូលរួម និងកសាងបទពិសោធ និងជំនាញ សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅប្រជែងមេដាយញជូនជាតិ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
លោក ខេស៊ី បាណេត បន្ថែមថា «ការឈ្នះមេដាយសរុប៧គ្រឿងពីការប្រកួតនេះ គឺជារឿងល្អណាស់ ពីព្រោះថា ព្រឹត្តិការណ៍នេះមានគូប្រជែងជាច្រើន ក្នុងប្រភេទទម្ងន់នីមួយៗ ហើយប្រភេទទម្ងន់ខ្លះមានដល់ទៅ១២នាក់។ ដូច្នេះ អ្នកចំបាប់កម្ពុជាត្រូវប្រឹងប្រែង ដើម្បីសម្រេចបានជ័យជម្នះរបស់ពួកគេ»។ នេះជាមធ្យោបាយដ៏ល្អមួយសម្រាប់យើងក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបទពិសោធរបស់ពួកគេ ក្នុងការឈានទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ និងក្រោម១៥ឆ្នាំបានឈ្នះមេដាយមាស ៣គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង ពីការប្រកួតជើងឯកកីឡាចំបាប់ឆ្នេរខ្សាច់ នៅខេត្ត Uttaradit ប្រទេសថៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ចំបាប់ឆ្នេរខ្សាច់នេះ មាន៣ប្រទេសចូល រួម គឺម្ចាស់ផ្ទះថៃ ដែលមានក្លិបចូលរួមប្រកួតចំនួន ៣០ សិង្ហបុរី និងកម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន១១នាក់ រួមមាន៖ លោក ខេស៊ី ដូក្លាសបាណេត អ្នកដឹកនាំក្រុម អ្នកស្រី កាង ណុចបវរ នាយកបច្ចេកទេស និងលោក ចាប លឿន ជាគ្រូបង្វឹក។
ចំពោះកីឡាករ កីឡាការិនីបានប្រកួតលើប្រភេទចំបាប់សេរីដូចៗគ្នា (៨ប្រភេទទម្ងន់) ចំនួន៨នាក់ ដូចជាកីឡាករ ចាប-សុខលី អុល-សៅហេង លឿន-ចាន់មុន្នី ស៊ីម-ប្រសើ ឆុំ-សុខខៃ និងកីឡាការិនី៣នាក់ រួមមាន៖ សម្បត្តិ-វណ្ណៈ ស៊ីម-គាថា និងកីឡាការិនី ជឿន-ស្រីឡែន។
សម្រាប់ជ័យលាភីរួមមាន៖ យុវជនក្រោម១៥ឆ្នាំ មេដាយមាស១គ្រឿង ដណ្តើមបានដោយកីឡាករ ស៊ីម ប្រសើ ក្នុងទម្ងន់៤១គីឡូក្រាម និងមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាករ លឿន ចាន់មុន្នី ក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម។ មេដាយ៥គ្រឿងរបស់កីឡាករ កីឡាការិនីក្រោមអាយុ២០ឆ្នាំ រួមមាន៖ ១.មេដាយមាស១គ្រឿង ដោយកីឡាករ ចាប សុខលី ៦៥គីឡូក្រាម ២.មេដាយមាស១គ្រឿង ដោយកីឡាករ អុល សៅហេង លើទម្ងន់៧៤គីឡូក្រាម។ ៣.មេដាយប្រាក់៣គ្រឿងដណ្តើមបាន ដោយកីឡាការិនី សម្បត្តិ វណ្ណៈ ៥៥គីឡូក្រាម កីឡាការិនី ស៊ឺម-គាថា ទម្ងន់៥០គីឡូក្រាម និងកីឡាការិនី ជឿន-ស្រីឡែន លើប្រភេទទម្ងន់ ៥៧គីឡូក្រាម៕ ចាន់ វិចិត្រ