ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត៖ ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារជាដើម។

ដូច្នេះ ការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ក៏មានសារៈសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលបំប៉នឱ្យយោធិនជាសិក្ខាកាមមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក (រនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ប្រតិបត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយនៃប្រតិបត្តិការពិសេសពាក់ព័ន្ធទាំងផ្នែកការទូត ច្បាប់ និងយុទ្ធវិធី ដែលទាមទារឱ្យមានការសម្របសម្រួលដឹកនាំបញ្ជាតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់។ ជាពិសេសការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ។

ក្នុងន័យនេះ ការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់បណ្តាយោធភូមិភាគ និងកងពលធំចំណុះកងទ័ពជើងគោក ក្នុងនាមជាកម្លាំងខ្សែត្រៀមទី១នៅតាមមូលដ្ឋានបំពេញបន្ថែមឱ្យកងកម្លាំងប្រឆាំងភេរវកម្មថ្នាក់ជាតិ ស្របទៅនឹងការរៀបចំកែសម្រួលរចនាសម្ព័ន្ធថ្មី និងការប្រគល់ភារកិច្ចបំពេញបន្ថែមពាក់ព័ន្ធនឹងកិច្ចការប្រឆាំងភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខរបស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួចស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោកនៅឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ដែលតែងបានយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺនប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដោយរក្សាបាននូវប្រសិទ្ធភាពជាប់ជាប្រចាំ និងយ៉ាងទៀងទាត់ ស្របតាមទិសដៅ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំនីមួយៗរបស់អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។

ជាក់ស្តែង ក្នុងថ្ងៃនេះ អង្គភាពបានបើកដំណើរការវគ្គហ្វឹកហ្វឺនចំនួន ០២ វគ្គ ដែលរួមមាន៖ (i) វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និង (ii) វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦។

សូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងសូមវាយតម្លៃខ្ពស់ផងដែរចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា និងសម្ភារ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលពិតជាបានជួយបង្កើនលទ្ធភាពរបស់អង្គភាពលើការសម្រួលដោះស្រាយតម្រូវការចាំបាច់ក្នុងការងារហ្វឹកហ្វឺន និងតម្រូវការប្រចាំថ្ងៃផ្សេងៗរបស់អង្គភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានយកឱកាសនេះ សម្តែងនូវការអរគុណចំពោះយោធិន គ្រួសារយោធិន ដែលបានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងមក ដោយនេះគឺជាការបង្ហាញដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាពិភពលោកទាំងមូល ឱ្យបានឃើញច្បាស់អំពីការអនុវត្តសិទ្ធសេរីភាពនយោបាយយ៉ាងពេញលេញក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស និងដំណើរការប្រជាធិបតេយ្យប្រកបដោយភាពចាស់ទុំនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុនម៉ាណែត

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner