ក្រសួងបរិស្ថានកសាងដំរីរណារយន្ត និមិត្តរូបនៃការបង្ក្រាបបទល្មើសដើម្បីអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស
រូបសំណាកសត្វដំរីកសាងឡើងដោយប្រើប្រាស់រណារយន្តដែលជាវត្ថុតាងប្រមូលបានពីបទល្មើសធនធានធម្មជាតិ បានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅឧទ្យាន សែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរីនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩នេះ ដោយបានឱ្យដឹងថារូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមានទំហំដូចខាងក្រោម ៖ ទី១) កម្ពស់២,៨០ ម៉ែត្រ (គិតពីបាតជើងដល់ចុងប្រមោយខាងលើ) ទី២-បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទី៣)-ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិតពីទំហំតួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប៣០០ គ្រឿងក្នុងនោះមានម៉ាស៊ីនរណារយន្ត និងផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។
ឯកឧត្តមបានថ្លែងថា «រូបសំណាកសត្វដំរីសាងសង់ឡើងនៅក្នុងគោលបំណងបង្ហាញដល់សាធារណជនឲ្យបានឃើញពីវត្ថុតាងរណារយន្តដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និងប្រមូលយកមករក្សាទុកនៅ តាមបណ្ដាស្នាក់ការដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ ជាងនេះទៅទៀត ក៏ចង់បង្ហាញប្រាប់ថា រណារយន្ត គឺជាមធ្យោបាយប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការ ប្រើប្រាស់រណារយន្តដែលនាំឲ្យមានការបំផ្លិញបំផ្លាញធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក១ក្បាល ដែលធ្វើពីវត្ថុតាងរណារយន្ត និងចង់ពញ្ញាក់ស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការពារ និងអភិរក្សហ្វូងសត្វដំរីរស់ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគីរី»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានរៀបចំដំឡើងរូបចម្លាក់សត្វដំរីធ្វើពីវត្ថុតាងរណារយន្តនេះឡើងជាមួយនឹងជាងនៅក្នុងខេត្តកំពង់ស្ពឺ ដោយប្រើរយៈ ពេលចំនួន៧ខែ និងដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងសកម្មភាពនៃការរៀបចំ និងដំឡើងរូបចម្លាក់សត្វដំរីដែលធ្វើពីវត្ថុតាងរណារយន្តមួយនេះ។ រូបសំណាកសត្វ ដំរីនេះនឹងត្រូវដឹកបញ្ជូនទៅខេត្តមណ្ឌលគីរីក្នុងពេលវេលាសមស្រប។ ឯកឧត្តមបញ្ជាក់ពីសាវតារនៃការសាងសង់រូបសំណាកសត្វដំរីនេះថា ដោយសារតែខេត្តមណ្ឌលគីរី មានការជាប់ទាក់ទងនឹងរឿងរ៉ាវសត្វដំរីក្នុងនោះរួមមាន ព្រឹត្តិការណ៍កើតឡើងនៅអំឡុងឆ្នាំ២០០៧ ត្រង់ចំណុចត្រពាំងឈូក (បច្ចុប្បន្ន នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក) កូនដំរីឈ្មោលមួយក្បាល បានដើរជាន់អន្ទាក់ព្រានព្រៃដាច់ជើងម្ខាង ហើយត្រូវបានក្រុមអភិរក្ស ព្រៃឈើ និងសត្វព្រៃប្រទះឃើញហើយដឹកយកទៅសង្គ្រោះ នៅឧទ្យានសួនសត្វភ្នំ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅគ្រានោះ «ឈូក» បានរួចផុតពីសេចក្តីស្លាប់។ បច្ចុប្បន្នសត្វដំរីឈ្មោះ ឈូកនេះបានប្រើប្រាស់ ជើងសិប្បនិមិត្តហើយអាចដើរ បាននិងមានសុខភាពល្អដូចសត្វដំរីដទៃដែរ។ រូបសំណាក សត្វដំរី«ឈូក» នេះក៏ធ្លាប់ត្រូវបានកសាងឡើងធ្វើអន្ទាក់ដែលបានប្រមូលពីព្រៃមកដែរ។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ហ្វូងសត្វដំរីចំនួន១២ ក្បាល បានធ្លាក់រណ្តៅទឹក និងជាប់ភុងក្នុងភក់ បង្កការភ្ញាក់ផ្អើលមួយនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ ក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ដោយសហការជាមួយអង្គការ WCS និងប្រជាពលរដ្ឋបាន នាំគ្នាជីកដីធ្វើជាផ្លូវដែលអាចធ្វើឱ្យហ្វូងដំរីទាំងនោះឡើងផុតពីភក់ហើយត្រឡប់ចូលទៅក្នុងព្រៃដោយសុវត្ថិភាព ហើយព្រឹត្តិការណ៍មួយទៀតគឺហ្វូងសត្វដំរីដែលតែង តែឧស្សាហ៍បង្ហាញខ្លួននៅខាងក្រោយអគាររដ្ឋបាលសាលា ស្រុកកែវសីម៉ា និងការបង្ហាញខ្លួនចូលមកជិតក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ និងស៊ីដំណាំនៅក្នុងស្រុកកែវសី ម៉ាដែលបានបង្កជាទំនាស់រវាងសត្វដំរី និងមនុស្សជាដើម។
តាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង៥០០ក្បាល ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រកសត្វ ព្រៃទាំង៥ នៅក្នុងខេត្តមណ្ឌលគីរីទាំងមូល មានប្រមាណជាង៣៧៥ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត២០០ក្បាល និងផ្សេងទៀតបាននឹងកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំផ្ទៃដីចំនួន ៧,៥ លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាដែលកំពុងតែត្រូវបានការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តម បានថ្លែងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណែកសត្វដំរីស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ៧០ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្តបន្ទាប់។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ដើម្បីការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការដៃគូនានារៀបចំផែនការអភិរក្ស និងការពារសត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិរក្សសត្វដំរីដោយពង្រឹងប្រសិទ្ធភាពការពារ និងគ្រប់គ្រងធនធានធម្មជាតិ ដែលជាទីជម្រក និងកន្លែងផ្តល់ចំណីដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រានព្រៃដាក់នៅក្នុងព្រៃ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ការ ពារធម្មជាតិកុំប្រើប្រាស់សារធាតុគីមី ឬបាញ់ សត្វដំរីដែលចូលស៊ីដំណាំរបស់ខ្លួន៕