អតីតយុទ្ធជនសោធននិវត្តន៍បានទទួលខ្នងផ្ទះថ្មីលើកទី២០៣អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា
កំពង់ធំ ៖ អតីតយុទ្ធជនសោធននិវត្តន៍ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះថ្មីលើកទី២០៣ អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងថ្ងៃខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា (២១មិថុនា.ឆ្នាំ២០០៧-២១មិថុនាឆ្នាំ២០ ២២) នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងសហការី និងអាជ្ញាធរដែនដីបានអញ្ជើញប្រគល់ថ្មីមួយខ្នង ជូនដល់លោកនាយចំណង់ ផែន ស៊ីផា អាយុ ៥៧ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៩ នៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ២០១០ មានភរិយា និងកូននៅក្នុងបន្ទុកចំនួន ៣នាក់ ។
ប្រធានសមាគមនអតីតយុទ្ធជនខេត្ត ក្រោយពីបានឃើញ ជីវភាពលំបាកខ្វះខាត របស់អតីតយុទ្ធជន ដែលគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដីខ្លួន ទើបក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចសាងសង់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី២០៣ សម្រាប់ខេត្តកំពង់ធំ តាមប្រសាសន៍ណែនាំ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ឲ្យសាងសង់ផ្ទះខ្ពស់ផុតពីដី សសរ បេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ក្នុងពិធីប្រគល់ផ្ទះនោះដែរ គណៈអធិបតី បាននាំយកនូវអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែមទៀតមានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន ២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណបងប្អូន អតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំត្រពាំងឬស្សី ដែលខ្លួនស្រឡាញ់ ខ្លួននពេញចិត្ត ដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នៅក្នុងមូលដ្ឋាន ហើយក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ សូមឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ច ៕
ដោយ ប៊ុន រដ្ឋា