ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាអញ្ជើញ ចុះពិនិត្យ វឌ្ឍនភាព នៃការសាងសង់ឧបដ្ឋានសាលា វត្តហត្ថិវតនារាម ហៅវត្តក្តុល និងជួបសំណេះសំណាល គោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងស្រុកមេមត់ ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា

នាព្រឹកថ្ងៃចន្ទ ៦រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព .ស .២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញ ចុះពិនិត្យ វឌ្ឍនភាព នៃការសាងសង់ឧបដ្ឋានសាលា វត្តហត្ថិវតនារាម ហៅវត្តក្តុល និងបានជួបសំណេះសំណាល គោរពថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។

ក្នុងឱកាសនោះ ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋក្នុងឃុំទន្លូងក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូលដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងមកនេះដែលកាយវិការដ៏ល្អប្រសើរនេះចាត់ទុកថាប្រជាពលរដ្ឋបានមើលឃើញអំពើល្អនិងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានមើលឃើញការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯ.ឧឧបនាយករដ្ឋមន្ត្រី បន្តថា ការបោះឆ្នោតកន្លងមកនេះជាការបោះឆ្នោតមួយដែលមានអាកប្បកិរិយាគំរូជាទីបំផុតគឺតបស្នងសងគុណចំពោះសម្តេចតេជោហ៊ុនសែនដែលបានជួយយើងទាំងអស់គ្នាតាំងពីឆ្នាំ១៩៧៩រហូតមកដល់ពេលនេះដោយក្នុងនោះគណបក្សប្រជាជនកម្ពុជាក្នុងឃុំទន្លូងទទួលបាន៧អាសនះក្នុងចំណោម៨អាសនះនៅក្នុងឃុំនេះ។ដោយឡែកក្នុងដំណាក់កាលដែលប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីត១៩នោះ សម្តេចតេជោបានពុះពារខិតខំគ្រប់បែបយ៉ាងដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលដែលប្រជាពលរដ្ឋមានការភិតភ័យតក់ស្លុតជាទីបំផុតពីព្រោះនេះជាជំងឺឆ្លងដ៏កាចសាហាវហើយមិនដឹងថាតើមានឱសថណាដែលអាចព្យាបាលបាននោះទេ រហូតមកដល់ពេលនេះក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ធ្វើអោយប្រជាពលរដ្ឋលែងមានការភិតភ័យហើយជំងឺកូវីត១៩ត្រូវបានគ្រប់គ្រង ដោយប្រជាពលរដ្ឋអាចប្រកបមុខរបរអាជីវកម្មបានជាធម្មតា ហើយសេដ្ឋកិច្ចជាតិក៏បានបើកដំណើរការជាប្រក្រតីឡើងវិញ។

ឯ.ឧឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការបោះឆ្នោតកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងមកនេះក៏ជាឱកាស១ដែលប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំទន្លូងបានបង្ហាញនូវការគាំទ្រយ៉ាងល្អប្រសើរដល់គណបក្សប្រជាជនកម្ពុជាផងដែរ។ឯ.ឧឧបនាយករដ្ឋមន្រ្តីបានបន្ថែមថាដោយឡែកចំពោះឧបដ្ឋានសាលានៅវត្តហត្ថិវតនារាមហៅវត្តក្តុលដែលកំពុងដំណើរការសាងសង់នេះនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅមុនពេលនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមកដល់នាពេលឆាប់ៗខាងមុខនេះសំរាប់ទុកអោយប្រជាពុទ្ធបរិស័ទ្ធមានទីកន្លែងសមរម្យដើម្បីធ្វើបុណ្យទានផ្សេងៗនៅក្នុងវត្តនេះតាមប្រពៃណីព្រះពុទ្ធសាសនា។

តមកនារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញ បន្តដំណើរជួបសំណេះសំណាល ថ្លែងអំណរគុណ និងទទួលទាននំបញ្ចុកជាមួយប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកព្រមទាំងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការវត្តជាំខ្យង និងលោកយាយលោកតាដែលមានអាយុចាប់ពី90ឆ្នាំឡើងទៅ ស្ថិតនៅក្នុងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។

ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអោយដឹងថាការជួបជុំគ្នារៀបចំពិធីស្រោចស្រពសុគន្ធវារីចំរើនព្រះជន្ននាពេលនេះគឺដើម្បីចំរើនសិរីសួស្តីតាមប្រពៃណីព្រះពុទ្ធសាសនាប្រគេនដល់ព្រះគ្រូចៅអធិការវត្តជាំខ្យងនិងជូនពរដល់លោកយាយលោកតាចាស់ជរាអោយមានសុខភាពល្អនិងមានអាយុយឺនយូរ។ ដោយឡែកក្នុងការបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាក្នុងឃុំមេមងទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន៤អាសនះក្នុងចំណោម៥អាសនះនៅក្នុងឃុំមេមងនេះដែលនេះបង្ហាញអោយឃើញពីការផ្តល់ទំនុកទុកចិត្តពីព្រះសង្ឍនិងប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាននេះដូច្នេះឯ.ឧឧបនាយករដ្ឋមន្រ្តីបានណែនាំដល់ក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មីត្រូវបំរើប្រជាពលរដ្ឋអោយបានពេញដៃពេញជើងប្រកបដោយឆន្ទះមោះមុត ស្រលាញ់ប្រជាពលរដ្ឋ ស្រលាញ់គណបក្សប្រជាជនកម្ពុជាគឺធ្វើយ៉ាងណាបំពេញនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដោយកុំអោយមានបញ្ហាល្អក់កករណាមួយដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្តអោយសោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner