ប្រាំខែឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងមានជាង២០០លានដុល្លារ កើនឡើង ៤២%

ភ្នំពេញ ៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង មានទឹកប្រាក់ជាង ២០០លានដុល្លារ កើនឡើង ៤២.៤% ខណៈដែលអ្នកជំនាញមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគរបស់បារាំងនៅកម្ពុជានឹងកាន់តែល្អជាងមុន ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានទំហំជាង ២២៤លានដុល្លារ កើនឡើង ៤២.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង ១៥៧លានដុល្លារប៉ុណ្ណោះ។ ទិន្នន័យដដែលនេះបានឱ្យដឹងទៀតថា កម្ពុជានាំចេញទៅបារាំងមានតម្លៃជាង ១៧០លានដុល្លារ កើនឡើង ៤០.៩% បើធៀបនឹងកាលពីឆ្នាំមុនដែលមានតម្លៃ ១២១លានដុល្លារ ខណៈដែលបារាំងនាំចូលមកកម្ពុជាវិញមានតម្លៃជាង ៥៣លានដុល្លារ កើនឡើង ៤៧.៤%។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងគឺដំណើរការល្អ។ លោកឧកញ៉ាថា នាពេលខាងមុខនេះ កម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប ជាពិសេសបារាំងដោយរួចពន្ធ ដោយសារកម្ពុជានៅមាន EBA។ លើសពីនេះទៅទៀត កម្ពុជានៅមាន GSP ដែលនាំចេញផលិតផលមួយចំនួនទៅសហរដ្ឋអាមេរិកដោយរួចពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀង RCEP ដែលជាកត្តាទាកទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មរូបបន្ថែមថា ដូច្នេះលោកឧកញ៉ាគិតថា នឹងមើលឃើញឱកាសល្អសម្រាប់វិនិយោញគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់សហគមន៍អឺរ៉ុបផង បារាំងផង មិនត្រឹមតែប៉ុណ្ណឹងទេ កម្ពុជាយើងក៏មានលទ្ធភាពកែច្នៃផលិតផលដែលជាវត្ថុធាតុដើមរបស់យើងពីកសិកម្ម ពីធនធានរ៉ែ ដែលអាចជំរុញកំណើនបន្ថែមទៀត ទៅកាន់សហគមន៍អឺរ៉ុបនាពេលអនាគត៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner