ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា 2022ក្រោមប្រធានបទថែទាំភពផនដី ដើម្បីសុខភាពយើង

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ បរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ2022 ក្រោមប្រធានបទថែទាំភពផនដី ដើម្បីសុខភាពយើង ដោយមានកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ចូលរួមជាង ១០០០នាក់ ដែលបានរៀបចំឡើងដោយ មន្ទីរបរិស្ថានខេត្តកំពង់ធំ នៅក្នុងបរិវេណវត្តហប ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានបញ្ជាក់ថា ការរៀបចំទិវាបរិស្ថាន គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង និងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោកប្រធានមន្ទីរបានបន្តថា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បរិស្ថានប្រជុំជន គឺចាំបាច់បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត គ្រឹស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋានវត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌល់សេដ្ឋកិច្ច ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ពោពេញដោយបរិស្ថានល្អ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្នភពផែនដី និងបរិស្ថានកំពុងតែដាក់ទណ្ទកម្មយើងវិញហើយ និងប្រឈមគ្រោះថ្នាក់បំផុត ដោយសារធនធានធម្មជាតិរងការបំផ្លិចបំផ្លាញ បរិស្ថានរងការបំពុល ធ្វើឲ្យអាកាសធាតុមានការបម្រែបម្រួល ដោយសារតែមនុស្សរស់នៅក្នុងពិភពលោក បានបផ្លិចបំផ្លាញ ធនធានធម្មជាតិ ដូចជាការកាប់បំផ្លាញព្រៃឈើ បំពុលដោយឧស្ម័នចូលក្នុងទឹក ការចោលកាកសំណល់ពីរោងចក្រសហគ្រាសធំៗ ឧស្សាហកម្ម.កសិកម្ម ការសាងសង់ផ្ទះកញ្ចក់ និងការបំពុលបរិស្ថាន កក្តាទាំងនេះ ដែលមនុស្សធ្វើឲ្យប៉ះពាល់និងការរិចរិលដល់បរិស្ថាន ដ៏ឆ្ងន់ធ្ងរ បណ្តាលឲ្យខូចស្រទាបអូសូន្ស បច្ចុប្បន្នស្ថានភាព បរិស្ថានលើភពផែនដីបានឡើងកំដៅ បង្ករឲ្យមានភ្លៀងធ្លាក់មិនទៀងទាត់ មានព្យុះខ្យល់កន្រ្តាក់ជាដើម អភិបាលខេត្តកំពង់ធំ បន្តថាដើម្បីទប់ស្កាត់ និងជួយកាត់បន្ថយការរិចរិលបរិស្ថាន យើងត្រូវចូលរួមថែរក្សាការពារធម្មជាតិ បរិស្ថានទាំងអស់គ្នា ដោយចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ។

នៅក្នុងពិធីក៏បានរៀបចំកម្មវិធី សំណួរចម្លើយ ដែលជាការអនុញ្ញាតិឲ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមឆ្លើយសំណួរ ពាក់ព័ន្ធនិងបរិស្ថាន ដើម្បីបំផុសការយល់ដឹង ដល់សហគមន៍ ឲ្យកាន់តែទូលំទូលាយដើម្បីចូលរួម ថែរក្សាបរិស្ថាន ក្នុងនោះក៏មានការជូនកង់ម្នាក់មួយគ្រឿងសម្រាប់អ្នកដែល បានឆ្លើយសំណួរបានពិន្ទុលើសពី ៦០ភាគរយឡើងទៅ ចំណែកអ្នកដែលឆ្លើយសំណួរបានក្រោម ៦០ភាគរយ គឺត្រូវបានជូនកាដូរលើកទឹកចិត្តផងដែរ ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner