ប្រទេសអាល្លឺម៉ង់ប្រកាសអាសន្នដំណាក់កាលទី២ លើវិស័យថាមពល

អត្ថបទដោយ៖
AMS OneMinute

ស្ថានភាពថាមពលនៅអាល្លឺម៉ង់កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីទីក្រុងម៉ូស្គូសម្រេចកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ចំនួន ៦០ភាគរយទៅអាល្លឺម៉ង់។

អាល្លឺម៉ង់ជាអតិថិជនលំដាប់លេខ១ ដែលទិញឧស្ម័នច្រើនជាងគេពីរុស្ស៊ី។ អាល្លឺម៉ង់កំពុងតែខ្នះខ្នែងរកប្រភពថាមពលដើម្បីស្តុកទុកសម្រាប់រដូវរងា ស្របពេលដែលម៉ូស្គូបន្ថយការផ្គត់ផ្គង់ឧស្ម័ន។

អាល្លឺម៉ង់កំពុងពិចារណាអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលតម្លើងថ្លៃលក់ជូនប្រជាជន និងម្ចាស់អាជីវកម្ម។ ជម្រើសទី២ គឺត្រលប់ទៅប្រើប្រាស់ថាមពលធ្យូងថ្មឡើងវិញដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័នដែលមានបរិមាណតិច និងមានតម្លៃថ្លៃ។

ទីក្រុងបានប៊ែកឡាំងថ្កោលទោសទីក្រុងម៉ូស្គូថា “ធ្វើទុក្ខបុកម្នេញផែ្នកសេដ្ឋកិច្ចទៅលើខ្លួន” តែទីក្រុងម៉ូស្គូបានពន្យល់វិញថា “យើងមិនអាចផ្គត់ផ្គង់ឧស្ម័នបានដោយសារគ្មានទួរប៊ីនប៉ូម” ដោយចង្អុលបង្ហាញថា ទួរប៊ីន Siemens Energy របស់ក្រុមហ៊ុន Gazprom ត្រូវបានបញ្ជូនទៅកាណាដាដើម្បីជួសជុល តែកាណាដាមិនប្រគល់ត្រឡប់មកវិញដោយសារទីក្រុងអូតាវ៉ាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ។

រដ្ឋាភិបាលកាណាដាបាននិយាយថា ខ្លួនកំពុងរិះរកវិធីដើម្បីដោះស្រាយបញ្ហានេះ។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិកាណាដា លោក Jonathan Wilkinson ប្រាប់សារព័ត៌មាន Bloomberg ថា “ចេតនានៃការដាក់ទណ្ឌកម្មលើរុស្ស៊ីគឺមិនមែនដើម្បីបង្កឱ្យមានការឈឺចាប់ដល់ប្រទេសអាល្លឺម៉ង់ ដែលជាមិត្តជិតស្និទ្ធបំផុត និងជាសម្ព័ន្ធមិត្តរបស់យើងនោះទេ”។

https://www.rt.com/news/557665-germany-gas-emergency-alarm/

ads banner