ក្រសួងបរិស្ថានរៀបចំឯកសារដាក់ «តំបន់ការពារអន្លង់សត្វផ្សោតនៅព្រែកកាំពី» ក្នុងបញ្ជី UNESCO (Video Inside)

កម្ពុជាកំពុងរៀបចំឯកសារដើម្បីដាក់ «តំបន់ការពារអន្លង់សត្វផ្សោត នៅព្រែកកាំពី» ក្នុងបញ្ជី បេតិកភណ្ឌធម្មជាតិពិភពលោកនៃអង្គការយូណេស្កូ ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រី ជំនាញកម្ពុជា និងអង្គការពាក់ព័ន្ធបាននឹងកំពុងចងក្រងនិងរៀបចំចងក្រងឯកសារ ដើម្បី ស្នើសុំដាក់តំបន់ការពារអន្លង់សត្វផ្សោត នៅព្រែកកាំពី ចាប់ពីខេត្ដក្រចេះ ដល់ ខេត្ដស្ទឹងត្រែង ទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ ស្របគ្នានឹងសំណើ ដាក់តំបន់ការពារធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារផងដែរ។

ការបញ្ជាក់របស់មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឳកាសរៀបចំសន្និសីទសារព័ត៌ មានស្តីពីអន្ទាក់សូន្យ នៅខេត្តក្រចេះ កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូផងដែរ។

លោកនេត្រភក្ត្រាថ្លែងថា គម្រោងចង់ដាក់តំបន់ ការពារអន្លង់សត្វផ្សោតនេះ គឺដើម្បីបង្កើតសុវត្ថិភាព ទៅដល់សត្វផ្សោតនៅក្នុងទឹក ដោយ លោកចាត់ទុកថា សត្វផ្សោតជាតម្លៃសកលមួយ ដែលក្រសួងបរិស្ថានកំពុងខិតខំក្នុងការពារ និងអភិរក្ស។

លោកនេត្រភក្ត្រាបានអំពាវនាវថា ដើម្បីឱ្យតំបន់ការពារអន្លង់សត្វផ្សោត នៅ ព្រែកកាំពីក្នុងខេត្តក្រចេះ សក្តិសមនឹងតម្លៃជាសម្បត្តិបេតិកភណ្ឌពិភពលោក លោកសូមឱ្យ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការការពារនិងអភិរក្ស ព្រមទាំងទប់ស្កាត់កុំឱ្យមានការ ចូលនេសាទខុសច្បាប់ ជាពិសេសការប្រើប្រាស់មង និងឧបករណ៍ឆក់គ្រប់ប្រភេទ នៅក្នុង តំបន់ អន្លង់ផ្សោត ដែលបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គ បាត់បង់ជីវិតជាដើម។

អន្លង់ព្រែកកាំពី គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់សត្វផ្សោតទន្លេមេគង្គ និងមានសក្តា នុពលសម្រាប់ផ្នែកអេកូទេសចរណ៍ ដែលនាំប្រភពចំណូលទៅដល់សហគមន៍នៅទីនោះ ផងទៀត។ មន្ត្រីបរិស្ថានថ្លែងថាសត្វផ្សោតទឹកសាបមេគង្គ អាចមានចំនួន៨៩ក្បាល ដែលតួ លេខនេះច្រើនជាងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដែលតួលេខត្រូវបានគេប៉ាន់ប្រមាណថា សត្វផ្សោតប្រភេទនេះ មានប្រហែល ៦០ក្បាលប៉ុណ្ណោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner