បង្ក្រាបបានជនសង្ស័យ១២នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ កាលវេលាម៉ោង០១រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅឃ្លាំងស្តុបរថភ្លើង តាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ លោក ម៉ៅ ចាន់ថុន អធិការងទទួលផែនគ្រឿងញៀនខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុលោមតាមគោលការណ៍ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងក្រោយពីកំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាពបទល្មើសដែលកើតមានក្នុងមូលដ្ឋានរហូតឈានដល់បើកកិច្ចប្រតិបត្តិការឆ្មក់ចុះបង្ក្រាបមុខសញ្ញា ជួញដូររួមទាំងប្រើប្រាស់គ្រឿងញៀនដែលកំពុងពួនសម្ងំលាក់ខ្លួន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅឃ្លាំងស្តុបរថភ្លើង តាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ (ស្រី៣នាក់) រួមនឹងដកហូតសារធាតុញៀន និងសម្ភារចែកចាយសារធាតុញៀនមួយចំនួន។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញមាន៖ ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៩កញ្ចប់តូច ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ដាវកែច្នែចំនួន០៣ដើម កាំបិទប៉័ងតោមួយដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រីទាំង១២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner