កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” បានបិទបញ្ចប់ដោយជោគជ័យ

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់ (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ។

នៅមុនពិធិបិទបញ្ចប់ តំណាងសភានៃប្រទេសឥណ្ឌូនេស៊ី ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់ (AlPACODD-៦) ជាបន្ត បានឡើងថ្លែងកោតសរសើរនិងអរគុណចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ AlPACODD-5 តាមប្រព័ន្ធនិម្មិត ប្រកបដោយជោគជ័យ និងថា សភាឥណ្ឌូនេស៊ី មានក្ដីសោមនស្សរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំ AlPACODD-៦ ជាមួយនឹងការរង់ចាំស្វាគមន៍វត្តមានគណៈប្រតិភូអាយប៉ាទាំងអស់នៅក្នុងឆ្នាំខាងមុខ។

នៅក្នុងឱកាសថ្លែងបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី “ស្តីពីគ្រឿងញៀនគ្រោះថ្នាក់” ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំមួយថ្ងៃនេះ បានទទួលលទ្ឋផលយ៉ាងជោគជ័យ រួមមានសេចក្តីសន្និដ្ឋានលើសេចក្តីសម្រេច ស្តីពីការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានមួយគ្មានគ្រឿងញៀន និងរបាយការណ៍បញ្ចប់ នៃកិច្ចប្រជុំនេះ។ ក្នុងកំឡុងពេលប្រជុំ ប្រតិភូទាំងអស់បានផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានដ៏មានតម្លៃស្តីពី ការអភិវឌ្ឍថ្មីៗ នៅតាមបណ្តាប្រទេសរៀងៗខ្លួន ក៏ដូចជាកត្តាប្រឈម នៃគ្រឿងញៀនសំយោគ និងបានពិភាក្សារកមធ្យោបាយដោះស្រាយកត្តាប្រឈមទាំងនេះ ជាមួយនឹងបទពិសោធន៍ជាក់ស្តែង និងមេរៀន ជាបទពិសោធន៍តាមបណ្តាប្រទេសនីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រទេសនីមួយៗអាចទាញយកបាននូវមេរៀនជាបទពិសោធន៍ខ្លះៗពីកិច្ចប្រជុំនេះ និងអាចចូលរួមចែករំលែកដើម្បីបង្កើតយន្តការរឹងមាំមួយ និងមានប្រសិទ្ឋិភាពឆ្លើយតបទៅនឹងកត្តាប្រឈម នៃគ្រឿងញៀនខុសច្បាប់ ដែលកំពុងប្រឈមជាមួយនឹងសហគមន៍អាស៊ានយើង ដោយមានសកម្មភាព តាំងពីការសិក្សាស្រាវជ្រាវ ការវិភាគផ្នែកគោលនយោបាយ ការបង្កើនការយល់ដឹង យុទ្ឋនាការអប់រំ ពិគ្រោះយោបល់ និងសន្ទនារួមគ្នារវាងភាគីពាក់ព័ន្ឋសំខាន់ៗ ក៏ដូចជាការអនុវត្តច្បាប់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា មិនមានប្រទេសណាមួយអាចយកឈ្នះសង្គ្រាមគ្រឿង ញៀនតែឯងបានទេ។ ដើម្បីប្រយុទ្ឋប្រឆាំងនឹងឧស្សាហកម្មគ្រឿងញៀនខុសច្បាប់ និងសកម្មភាពជួញដូរ គ្រឿងញៀន គ្រប់ប្រទេសទាំងអស់ត្រូវការធ្វើការរួមគ្នា និងមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១នៃរដ្ឋសភា បានអំពាវនាវដល់រដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការពិចារណាបង្កើត ក្រមប្រយុទ្ឋប្រឆាំងគ្រឿងញៀនមួយដែលមានលក្ខណៈសុខដុមនីយកម្ម (Harmonized Anti-Drug Code of Conduct) ឬពិធីសារប្រយុទ្ឋប្រឆាំងគ្រឿងញៀន (Drug Combat Protocol) ក្នុងការដោះស្រាយ កត្តាប្រឈមទាំងអស់គ្នា នៅក្នុងវិធីសាស្ត្រជាប្រព័ន្ឋ ដើម្បីឈានទៅសម្រេចសហគមន៍អាស៊ានមួយគ្មាន គ្រឿងញៀន ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner