ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) ប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១០ម៉ឺនដុល្លារ សម្រាប់រយៈពេល០៣ឆ្នាំជាប់ៗគ្នា សរុបថវិកា៣០ម៉ឺនដុល្លារ

នាព្រឹកថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបជាមួយលោក AskhatAzhikhanov នាយកប្រតិបត្តិរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK) ក្នុងឱកាសដែលលោកបាននាំមកនូវថវិកាសប្បុរសធម៌របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងមួយឆ្នាំចំនួន១០ម៉ឺនដុល្លារ សម្រាប់រយៈពេល០៣ឆ្នាំជាប់ៗគ្នាដែលសរុបជាថវិកាចំនួន៣០ម៉ឺនដុល្លារអាម៉េរិក។

ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងគាំទ្ររបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK) ដែលបានរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ និងបានឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេជាប្រធានកិត្តិយស និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា កាយវិកាដ៏សប្បុរសនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កុមារនៅកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាអនាគតកម្លាំងពលកម្មដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីទំនាក់ទំនងល្អរវាងវិនិយោគិន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយនឹងប្រជាជនកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការក៏បានជម្រាបជូន លោក AskhatAzhikhanov ថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល /៥,០០០ (ប្រាំពាន់) ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ និង(២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០ (ប្រាំពាន់ )រៀល ក្នុងមួយខែ/៦០,០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។

ជាការឆ្លើយតបលោក AskhatAzhikhanov ថ្លែងអំណរគុណយ៉ាជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសុខសន្តិភាព និងបង្កលក្ខណៈអំណោយផលសម្រាប់វិនិយោគិនក្នុងការប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសសូមថ្លែងអំណរគុណលោកជំទាវរដ្ឋលេខាធិការ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលលោក និងសហការីនៃ ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK)ព្រមទាំងបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះដើម្បីចូលរួមធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។ លោក AskhatAzhikhanov ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាកៀរគរការបរិច្ចាគ និងបង្កើនសមាជិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាបន្តទៀត ស្រមតាមការរីកចម្រើនរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK)។

នៅទីបញ្ចប់នៃជំនួបលោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK) ឱ្យបន្តខិតខំនិងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីការអភិវឌ្ឍទាំងធនាគារទាំងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុក្គលិកគ្រប់លំដាប់ថ្នាក់នៃធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK) ក៏ដូចជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជនឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ។

សូមគូសបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃនេះ ចំនួន៣០ម៉ឺនដុល្លារអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចការសង្គម ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK) ក៏បានបង្កលក្ខណៈងាយស្រួលដល់សាធារណជន ជាពិសេសអតិថិជនចំនួន៧០ម៉ឺននាក់ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) អាចធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតគិតថ្លៃសេវាទាំងតាមរយៈ ABA APP ទាំងតាមរយៈការបរិច្ចាគដោយផ្ទាល់នៅតាមសាខារបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) ណាមួយដែលនៅជិតលោកលោកស្រីផងដែរ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner