កិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់សមភាពក្មេងស្រីក្នុងការ សម្រេចចិត្ត» ដើម្បីអបអរទិវាក្មេងស្រីអន្តរជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ អង្គការភ្លេនអន្តរជាតិប្រចាំខេត្តសៀមរាប បានរៀបចំកម្មវិធី កិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សមភាពក្មេងស្រីក្នុងការសម្រេចចិត្ត» ដើម្បីអបអរទិវាក្មេងស្រីអន្តរជាតិ នៅសាលាបឋមសិក្សាដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ព្រមទាំងវត្តមានអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកានៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារតាមបណ្តាមូលដ្ឋាន ឃុំ ស្រុកសមាជិកក្លិបកុមារ សិស្សានុសិស្ស និងបុគ្គលិកអង្គការភ្លេន សរុបប្រមាណជា១៥០នាក់។
កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង៖ ១)លើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមស្តីពីអត្ថន័យនៃការចូលរួមរបស់ក្មេងស្រី និងពិភាក្សាពីការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រី ២)ជំរុញកំណើននៃការចូលរួមរបស់ក្មេងស្រីក្នុងការសម្រេចចិត្ត និងពីទង្វើអ្វីខ្លះដែលយើងទាំងអស់គ្នារួមគ្នាដើម្បីធ្វើឲ្យមាន សមភាពសម្រាប់ក្មេងស្រី ៣)ផ្លាស់ប្តូរផ្នត់គំនិត និងការប្រាស្រ័យទាក់ទងបែបអវិជ្ជមាន ស្តីពីយេនឌ័រ ទៅជាវិជ្ជមានវិញ ដើម្បីលើកម្ពស់សិទ្ធិអំណារបស់ក្មេងស្រី។
ថ្លែងបើកកម្មវិធីពិភាក្សា លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា កុមារាកុមារី និងយុវជនក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងក៏ដោយ ក៏ក្មេងស្រី ជាពិសេសក្មេងស្រីនៅតំបន់ដាច់ស្រយាល និងសហគមន៍ជនបទនៅតែជួបបញ្ហាវិសមភាពយេនឌ័រ។ ការចូលរួមរបស់ក្មេងស្រី និងស្ត្រីវ័យក្មេងកម្ពុជា ក្នុងការសម្រេចចិត្ត និងដីនាំនៅមានកម្រិតទាបនៅឡើយ។ លោកជំទាវបញ្ជាក់ថា ក្មេងស្រី និងក្មេងមានសក្តានុពលដូចគ្នាក្នុងការចូលរួមចំណែកអភិវិឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែក្មេងស្រីតែងតែជួបបញ្ហាប្រឈមនានា ជាពិសេសផ្នត់គំនិតយេនឌ័រដែលកំណត់សកម្មភាព សមត្ថភាពជំនាញរបស់ក្មេងស្រី។ ផ្នត់គំនិតអវិជ្ជមាននេះហើយដែលរារាំងឱកាសរបស់ស្ត្រីនិងក្មេងស្រីក្នុងការអភិវឌ្ឍ និងការចូលរួម។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវផ្លាស់ប្តូរការគិតនូវអ្វីដែលក្មេងស្រីអាចធ្វើបាន។ យើងនឹងមិនអាចទទួលបានការអភិវឌ្ឍពេញលេញនៅពេលក្មេងស្រីនៅតែជួបបញ្ហា យើងត្រូវការក្មេងស្រីក្នុងការចូលរួមអភិវឌ្ឍន៍រួមគ្នា។ ក្មេងស្រីត្រូវការ ការគាំទ្រពីយើងទាំងអស់គ្នា យើងនឹងមិនឈប់ទាមទារសិទ្ធិរបស់ក្មេងស្រីរហូតដល់ក្មេងស្រីទទួលបានការឲ្យតម្លៃស្មើគ្នាដូចក្មេងប្រុសដែរ។ យើងនឹងមិនឈប់រហូតដល់ក្មេងស្រីអាចបញ្ចេញមតិយោបល់ដោយគ្មានភាពភ័យខ្លាច។
លោកជំទាវ បន្តថារាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអភិវឌ្ឍលើគ្រប់វិស័យកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតកោណដំណាក់កាលទី៤ក្នុងនោះបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អភិបាលកិច្ចល្អការលើកស្ទួយការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្រដោយទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នាដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងទាមទារឱ្យមានការផ្តល់សេវាសាធារណៈដែលមានគុណភាពនិងទូលំទូលាយជាងមុនដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រដោយផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមជនងាយរងគ្រោះជាពិសេសស្ត្រី និងកុមារ។ ទិវានេះធ្វើឡើងដើម្បីគាំទ្រឱកាសបន្ថែមទៀតដល់ក្មេងស្រី និងដើម្បីបង្កើនការយល់ដឹងពីវិសមភាពយេនឌ័រ ដែលក្មេងស្រីលើពិភពលោកបានជួបប្រទះ។ បញ្ហាវិសមភាពរាប់បញ្ចូលទាំង ការទទួលបានការអប់រំ អាហាររូបត្ថម្ភ សិទ្ធិស្របច្បាប់ ការថែរក្សាផ្នែក ពេទ្យការការពារពីការរើសអើង អំពើហិង្សាលើស្រ្តី និងការរៀបការវ័យក្មេងដោយបង្ខំជាដើម៕ម.ន ដោយៈ ស៊ាន សុផាត