សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួម និងគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួម និងគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល និងរួមគ្នាបន្តទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩តាមរយ:ការអនុវត្តវិធានការសុខាភិបាល និងបន្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដូសជំរុញឱ្យបានគ្រប់ៗគ្នា។ នេះជាការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូន កូនក្មួយ ចៅៗជា ជនរួមជាតិទាំងអស់ ពិសេសមាតាបិតានិងអាណាព្យាបាល សូមបន្តចូលរួមនិងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល កម្ពុជា និងរួមគ្នាបន្តទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩តាមរយ:ការអនុវត្តវិធានការសុខាភិបាល និងបន្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដូសជំរុញឱ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះអគ្គ មហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត វិស័យសាសនា វិស័យឯកជន សប្បុរសជន សិល្បករ សិល្បការនី ពិធីករ ពិធីការនី ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និង អ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មផុលផុស ធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្លាយទៅជាចលនាជាតិដ៏សំខាន់មួយក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម រួមចំណែកដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ ប្រទេសជាតិស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ សង្ឃឹមយ៉ាងមុតមាំថា សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនកូនក្មួយ ជាជនរួមជាតិទាំងអស់ ពិសេសស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតនឹង ចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបានជា ឧត្តមប្រយោជន៍រួមរបស់ប្រជាជននិងប្រទេសជាតិនៃយើង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner