ស្រីលង្កា​បន្ត​ដំឡើង​ថ្លៃ​ប្រេង​ ខណៈ​ប្រតិភូ​សហរដ្ឋ​​អាមេរិក​​​​​ទៅដល់​ប្រទេស​នេះ​​

ក្រុមហ៊ុន​លក់​ប្រេង​ក្នុង​ប្រទេសស្រី​លង្កា​​បាន​ដំឡើង​ថ្លៃ​​ប្រេងឥន្ធនៈ​​​បន្ថែមទៀត​​​កាល​ពីថ្ងៃ​អាទិត្យ​​ ក្រោយ​​​​​រដ្ឋមន្ត្រី​​ថាមពល​​ប្រកាស​ពី​ការ​​​ពន្យាពេល​​​​ក្នុង​ការ​​ទទួល​បាន​ការនាំ​ចូល​ប្រេង​ថ្មី​ទៀត រីឯ​អាមេរិក​​ចាប់​ផ្តើម​​​ផ្តល់​​​ហិរញ្ញប្បទាន​​​ជិត​១៦០​លាន​ដុល្លារ​​​ដើម្បីសង្គ្រោះសេដ្ឋកិច្ច​​។​

​​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​​​ព័ត៌មាន​បារាំង AFP ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ Ceylon Petroleum Corporation (CPC) ​នៃ​​​ប្រទេស​​ស្រីលង្កា​ បាន​និយាយ​ថា ​​​ខ្លួន​បាន​ដំឡើង​​តម្លៃ​ប្រេង​ម៉ាស៊ូត ​ដែល​ត្រូវបាន​ប្រើប្រាស់​​​​យ៉ាង​ទូលំទូលា​យ​​​ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ ​​​ចំនួន​១៥​ភាគរយ​បន្ថែមទៀត ដល់​តម្លៃ​​ប្រហែល​១,២៧​​ដុល្លារ​ក្នុងមួយលីត្រ ​និង ​​តម្លៃ​​ប្រេង​សាំង​​២២​​ភាគរយ​​ដល់​​ ១,៥២​ដុល្លារ​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ប្រេង​​​នោះ​​កើត​​មាន​តែ​​​​មួយថ្ងៃ​បន្ទាប់​ពី​លោក​ Kanchana Wijesekera ​​រដ្ឋមន្ត្រី​ថាមពល​ស្រីលង្កា​ ​បាន​​និយាយថា ​​​នឹង​មាន​ការ​​​ពន្យាពេល​​ទទួលបាន​ការនាំ​ចូល​ប្រេង​​ថ្មី​​​។​

​លោករដ្ឋ​មន្ត្រី បាន​និយាយ​ថា ​​​ដល់​សប្តាហ៍​ចុង​ក្រោយ​នេះ​​ ​​ប្រេង​មិន​ត្រូវ​​បាន​​នាំ​ចូល​ទេ ​​ខណៈ​ពេល​ដែល​​កាល​បរិច្ឆេទ​​​​ដឹកជញ្ជូន​ទៅ​ដល់​​​សប្តាហ៍​​​បន្ទាប់​វិញ​ ​​​ដោយសារ​ហេតុ​ផល​​ធនាគារ​។​

​លោក​រដ្ឋមន្ត្រី​ បាន​​សុំ​អភ័យ​ទោស​​ចំពោះ​​​អ្នក​ជិះម៉ូតូ ​ហើយ​​​ជំរុញ​ឲ្យ​ពួកគេ​​មិន​ចូលរួម​​​ការ​ចាក់សាំង​បន្ត​កន្ទុយគ្នា​​​នៅ​ខាង​ក្រៅ​​​​ស្ថានីយ៍​​ប្រេងឥន្ធនៈ ។ ​អ្នក​ជិះ​រថយន្ត​ជាច្រើន​បាន​​ទុក​រថយន្ត​ជា​ជូរ​​ដើម្បី​ចាក់ប្រេង​​​ ពេលដែល​​ការ​ផ្គត់ផ្គង់​​ត្រូវបានស្តារ​ឡើង​វិញ​នោះ។​

​​ប្រភព​មន្ត្រី​​​បាន​និយាយថា ​​​ការ​ផ្គត់ផ្គង់​ប្រេង​​​ដែល​នៅសេសសល់​​របស់​ប្រទេសស្រីលង្កា ​មាន​ប្រសិទ្ធភាព​​​ប្រហែល​រយៈពេល​២​ថ្ងៃ​​ ប៉ុន្តែ​​​ថា ​អាជ្ញាធរ​កំពុង​​​សង្គ្រោះ​វា​សម្រាប់​សេវា​កម្ម​សំខាន់​​ផ្សេង​ៗ។

​​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​កូឡុំបូ បាន​និយាយថា គណៈប្រតិភូ​​​​ពី​​​​រតនាគារ​​​អាមេរិក ​និង​​​ក្រសួង​​​រដ្ឋ បាន​មក​ដល់​​សម្រាប់​ការ​ពិភាក្សា​ ដើម្បី​រុក​រក​​​​មធ្យោបាយ​ប្រសិទ្ធភាព​​បំផុត​​សម្រាប់​អាមេរិក ដើម្បី​គាំទ្រ​​សេចក្តី​ត្រូវការ​របស់​ស្រីលង្កា​​។

​ឯកអគ្គ​​រដ្ឋ​ទូត​អាមេរិក​​ប្រចាំ​ប្រទេសស្រី​លង្កា ជូលី ចុង (Julie Chung) ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា «​នៅពេល​ដែល​ប្រជាជន​​ស្រីលង្កា​​​​ស៊ូទ្រាំនឹង​​​​​ការ​ប្រឈម​​​ផ្នែកសេដ្ឋកិច្ច​​​ដ៏​ខ្លាំង​ក្លា​ក្នុង​ប្រវត្តិសាស្រ្ត​ ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​យើងដើម្បី​គាំទ្រ​​​កំណើន​សេដ្ឋកិច្ច​ និង​​ដើម្បី​ពង្រឹង​​ស្ថាប័ន​​​ប្រជាធិបតេយ្យ មិន​សំខាន់​ជា​ងនេះ​នោះទេ​»។

​​​ស្ថានទូតសហរដ្ឋ​អាមេរិក​បាន​និយាយថា ខ្លួន​បាន​ប្តេជ្ញា​​​​​​ផ្តល់ហិរញ្ញប្បទាន​ថ្មី​​​​តម្លៃ​​១៥៨,៧៥​​លាន​ដុល្លារ​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​ ដើម្បី​ជួយ​ប្រទេសស្រីលង្កា។​

​​អង្គការ​សហប្រជាជាតិ​ ​បាន​ចេញសេចក្តី​អំពាវនាវ​​បន្ទាន់​មួយ​ដើម្បី​រៃអង្គាស​​​ប្រាក់​​​៤៧​​លាន​ដុល្លារ​​ដើម្បី​​ផ្តល់​ជំនួយ​ដល់​​ផ្នែក​ដែល​ងាយ​រងគ្រោះ​បំផុត​នៃ​ប្រជាជន​ប្រទេស​ដែន​កោះ​ដែល​មាន​​២២​លាន​នាក់។

​ប្រជាជន​ប្រហែល​​​១,៧​​​លាន​នាក់​ត្រូវការ«​​​ជំនួយ​សង្គ្រោះ​ជីវិត»។ នេះ​បើ​យោង​តាម​​អង្គការ​សហប្រជាជាតិ​​ ដោយ​​មនុស្ស​៤​នាក់​ក្នុង​ចំណោម​៦​នាក់​​បាន​កាត់បន្ថយ​​​​របបអាហារ​​​របស់​ពួកគេ​ ដោយសារ​តែ​​ការខ្វះខាត​​​ខ្លាំងពេក និង​តម្លៃ​​ហក់​ឡើង​ខ្ពស់។

នាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​ព្រមាន​សភាកាល​ពីថ្ងៃ​ពុធថា ភាព​លំបាក​កាន់តែ​ច្រើន​កំពុង​កើតមាន។

លោក Wickremesinghe បាននិយាយថា «សេដ្ឋកិច្ច​របស់​យើង​បាន​ប្រឈម​មុខ​នឹង​ការដួល​រលំ​ទាំងស្រុង»​។ «ឥឡូវនេះ​យើង​កំពុង​ប្រឈម​មុខនឹង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាងការ​ខ្វះខាត​ប្រេង​ឥន្ធនៈ ​ឧស្ម័ន​ អគ្គិសនី និងអាហារ»។ ដោយ​មិន​អាច​សង​បំណុល​បរទេស​ចំនួន៥១​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​បានទេ រដ្ឋា​ភិបាល​បាន​ប្រកាស​ថា​ខ្លួន​បាន​ខកខាន​ក្នុង​ខែ​មេសា ហើយ​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សម្រាប់​ថវិកា​សង្គ្រោះ​ដែល​អា​ចធ្វើ​ទៅ​បាន៕​​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner