ក្រសួងការបរទេស រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី នៅសណ្ឋាគារ ហៃយ៉ាត់ ភ្នំពេញ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី (Hyatt Regency Phnom Penh) ក្រោមវត្តមានឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមនិងភ្ញៀវកិត្តិយស មួយចំនួនទៀត ។
ឯកឧត្តម WANG Wentian បានមានប្រសាសន៍ថា សិក្ខាសាលាលើកនេះ គឺជាកម្មវិធីដ៏សំខាន់មួយ ដែលត្រូវបានប្រារព្ធឡើងក្រោមគម្រោង មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ “ការកសាងសមត្ថភាពការទូត សេដ្ឋកិច្ចក្នុងយុគសម័យក្រោយជំងឺកូវីដ១៩” គឺជាឱកាសដ៏មានតម្លៃក្នុងការផ្តល់ជូន សម្រាប់ការអនុវត្តន៍យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យកាន់តែល្អប្រសើរ ព្រមទាំងពិភាក្សាសម្រេចបាននូវការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យកាន់តែល្អ និងកាន់តែឆាប់រហ័ស។
ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្រោមស្ថានភាពនៃការប្រែប្រួលនិងក្រោមបរិបទកូវីដ១៩ដែលពុំធ្លាប់មានពីមុនមក ការស្តារសេដ្ឋកិច្ចសកលលោកកំពុងតែជួបការ លំបាក ហើយការអភិវឌ្ឍន៍ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃការផ្លាស់ប្តូ រដ៏ច្របូកច្របល់។
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបន្ថែមថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ត្រូវបានជំរុញជាបន្តបន្ទាប់ ការកសាងសហគមន៍វាសនារួម រវាងចិន-កម្ពុជា មានលក្ខណៈកាន់តែស៊ីជម្រៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិត ក្នុងដំណាក់កាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងវិស័យសេដ្ឋកិច្ច មានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួន ៣ ដូចជា ១-ចិនបន្តផ្តល់ជាកម្លាំងជំរុញដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និង អាស៊ី ។ ២-កិច្ចទប់ស្កាត់ជំងឺកូវីដ១៩ និងដំណើរនៃការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ទទួលបានវឌ្ឍនភាពវិជ្ជមាន។
ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ហើយអ្នកឆ្លងជំងឺកូវីដថ្មីនិងអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន០ករណី។ អាត្រាអ្នកចាក់វ៉ាក់សាំងកូវីដ មានចំនួន៩៤% លទ្ធផលនៃការទប់ស្កាត់ជំងឺកូវីដត្រូវបានប្រទេសក្នុងតំបន់អាស៊ាន និងសហគមន៍អន្តរជាតិទទួលស្គាល់កម្រិតខ្ពស់។
រដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានការស្ដារឡើងវិញនូវសង្គមយ៉ាងទាន់ពេលវេលា ការស្តារសេដ្ឋកិច្ចឡើងវិញទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ម្ហូបអាហារ ទេសចរណ៍ សំណង់ និងវិស័យ ទ្រទ្រង់ធំៗផ្សេងទៀតមានសំទុះយ៉ាងរឹងមាំ ភាពល្អប្រសើរត្រូវបានបង្ហាញទាំងស្រុងនៅក្នុងប្រទេស។
ឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ កម្ពុជា នឹងបន្តបញ្ចូលកម្លាំងជំរុញនិងភាពរស់រវើកទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ ដោយតាមរយៈការស្តារឡើងវិញប្រកបដោយគុណភាពខ្ពស់។ ៣-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជា មានកំណើន លំនឹងថេរ និងមានសុខុមាលភាពជាលំដាប់។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាសម្រេចបានគោលដៅ ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់១១.១៩៤ពាន់លាន ដុល្លារអាមេរិក កើនឡើង៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិន មានចំនួន២.៣២ពាន់លានដុល្លារអាមេរិក មានកំណើនជិត ៧០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិន មានចំនួន ៥៣៤%នៃចំនួនវិនិយោគសរុប បានបន្តក្លាយជាប្រភពវិនិយោគ ធំជាងគេសម្រាប់កម្ពុជា។ ចាប់តាំងពីដើមឆ្នាំ២០២២នេះមក លទ្ធផលនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈលេចធ្លោ។ ក្នុងត្រីមាសទី១ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជាមានចំនួន ២០៦លានដុល្លារអាមេរិក
មានកំណើន ៣៥.២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាក្នុងរយៈពេលប្រាំខែដំបូងមានចំនួនឈានដល់ ៤.៩៩០ពាន់លានដុល្លារអាមេរិក មានកំណើន២៦.១%បើធៀបនឹងរយៈពេលដូចគ្ន កាលពីឆ្នាំ២០២១ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា។
បន្ទាប់ពីមានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលក្នុងនោះមានដូចជា ចេក ស្វាយ និងជលផលជាដើម ត្រីបាកម្ពុជាគ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខនេះ។ កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលជាក់ ស្តែងថ្មីមួយទៀត។ ខាងលើនេះ បានឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំនិងការបំពេញឱ្យគ្នាទៅ វិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានក្លាយជាផ្នែកមួយដ៏សំខាន់និងជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិង កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។
ឯកឧត្តម WANG Wentian បានបញ្ជាក់ថា ភាគីចិន រីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពជាប្រពៃណី បង្កើតជា”គំរូថ្មីនិងទីខ្ពស់ថ្មី” សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជួយកម្ពុជា សម្រេចបាននូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣៥ ជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយទៀត ធ្វើជាគំរូសម្រាប់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ី និងបញ្ចូលជាកម្លាំង រុញច្រានថ្មីសម្រាប់ការស្ដារឡើងវិញនូវសេដ្ឋកិច្ចនិងវិបុលភាពក្នុងតំបន់នៃចិន-អាស៊ាន។
ឯកឧត្តម អ៊ុច បូររិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចរបស់ក្រសួង និងស្ថាប័នតំណាងកម្ពុជានៅបរទេសទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេលជាង ១ឆ្នាំ នៅក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច២០២១-២០២៣ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ក៏បានអរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជូនដល់ កម្ពុជា នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ទាំងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ការអនុវត្តគោលនយោបាយ «ការទូតសេដ្ឋកិច្ចប្រកប ដោយភាពបត់បែន និងប៉ិនប្រសព្វ» បានប្រែក្លាយជាការងារអាទិភាពមួយ នៃការងារអាទិភាពទាំង៥ នៃការដ្ឋានកំណែទម្រង់ ដែលត្រូវបានទទួលការគាំទ្រពីសម្តេចតេជោនាយករដ្ឋមន្រ្តី ។ ដូចនេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដាក់ចេញនូវ «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ដើម្បីចូលរួមចំណែកពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
តាមរយៈក្របខ័ណ្ឌយុទ្ធសាស្រ្តនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដើរតួនាទីចម្បង ចំនួន០២ គឺ (១) ជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទញការវិនិយោគផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស និង(២) ជាអ្នកអភិវឌ្ឍន៍ធនធានអ្នកការទូតជំនាន់ថ្មី ប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ សកម្មក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិគ្រប់វិស័យ។
ដើម្បីជាការរួមចំណែកដល់ការពិភាក្សា ឯកឧត្តម អ៊ុច បូររិទ្ធ បានផ្តល់នូវកម្រងសំណួរមួយចំនួន សម្រាប់អង្គសិក្ខាសាលា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សារួមមាន ៖ ស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី តើក្រសួងការបរទេស និងស្ថានតំណាងនៅបរទេស គួរមានតួនាទីអ្វីបន្ថែម ហើយស្ថិតនៅក្នុងកម្រិតណា ដើម្បីជំរុញការអនុវត្តការងារការទូតសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ? តើក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសវិស័យឯកជន កំពុងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ហើយមានតម្រូវការ ឬសំណូមពរបែបណាដល់ក្រសួងការបរទេសដើម្បីពិនិត្យលទ្ឋភាពជួយដោះស្រាយ ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច សំដៅរួមចំណែកធ្វើឱ្យសម្រេចចក្ខុវិស័យសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា? តើក្រសួងនិងស្ថានតំណាងកម្ពុជានៅបរទេស គួររៀបចំផែនការសកម្មភាពបន្តអ្វីខ្លះ ដើម្បីជំរុញការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងស្ថានភាពអំណោយផល សំដៅអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ឱ្យបានជោគជ័យ? ៕ ដោយ សួង ពិសិដ្ឋ





