សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ប្រញាប់ទទួលចាក់វ៉ាក់សាំង (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២៧មិថុនានេះ អំពាវនាវពលរដ្ឋបន្តនាំគ្នាចាក់វ៉ាក់ សាំងដូសជម្រុញ ខណៈដែលតួលេខចាក់នៅមានភាពយឺតគួរឱ្យកត់សម្គាល់។
យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ១៦ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៦ម៉ឺន ៤ពាន់ ៤១៣នាក់។ នៅទន្ទឹមនឹងការចាក់វ៉ាក់សាំង ដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្តបន្ទាប់ដដែល ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៧ មិថុនា បានកើនដល់ចំនួន ១៥លាន ៧ម៉ឺន ៩ពាន់ ១០៦នាក់ ដែលស្មើនឹង ៩៤,២៤ ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៦ពាន់ ៨២នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ៥ពាន់ ១៧៧ នាក់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមសារសម្លេងមួយនាល្ងាចថ្ងៃទី២៧មិថុនា នេះថា ការធ្វើឱ្យកម្ពុជាមានតួលេខសូន្យកូវីដមកទល់ពេលនេះ គឺអាស្រ័យដោយកិច្ចសហការ របស់ពលរដ្ឋដែលបាននាំគ្នា ចាក់វ៉ាក់ សាំងស្របតាមគោលការណ៍ដាក់ចេញរបស់រាជរដ្ឋា ភិបាល។ សម្តេចបានអំពាវនាវពលរដ្ឋត្រូវបន្តនាំគ្នាចាក់វ៉ាក់សាំងបន្ថែមទៀតដើម្បីជួយជម្រុញ ភាពកាន់តែស៊ាំក្នុងសហគមន៍ជាពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣។
សម្តេចតេជោ ហ៊ុន សែន បានអំពាវការចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥បន្តទៀតចំពោះពលរដ្ឋដែលត្រូវដល់វេនកំណត់ចាក់វ៉ាក់សាំងហើយនោះ។