លោក ហែម គីរី រំពឹងថា ការប្រកួតគ្រឹះស្ថានឧត្តមសិក្សានឹងក្លាយជាចំនែកមួយជួយសហព័ន្ធ ស្វែងរកអត្តពលិកឆ្នើម

ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ លើប្រភេទកីឡាហែលទឹក ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ បានបញ្ចប់ថ្ងៃទី១ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកដាក់ក្តីរំពឹងថា និស្សិតនានានឹងអាចចូលរួមជាមួយសហព័ន្ធ នាថ្ងៃអនាគត។

លោកអគ្គលេខាធិការរូបនេះបន្ថែមទៀតថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសអាចចាត់ទុកថា ជាព្រឹត្តិការណ៍ថ្មីមួយ ដែលសហព័ន្ធទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ហើយក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកពិតមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការរៀបចំរៀបចំបច្ចេកទេសឲ្យកាន់រីកចម្រើនចម្រើន ពីព្រោះថា សហព័ន្ធត្រូវការរៀបចំការប្រកួតឲ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍមន្ត្រីបច្ចេកទេស។

អគ្គលេខាធិការរូបនេះបន្ថែមថា ការចូលរួមប្រកួតលើប្រភេទកីឡាហែលទឹកនេះ នៅមានកម្រិតនៅឡើយ ដោយសារគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសបានចូលរួមត្រឹមតែ៥ប៉ុណ្ណោះ ក្នុងចំណោម៣៨គ្រឹះស្ថានដែលចូលរួម។ ទោះយ៉ាងនេះក្តី ក៏លោកជឿថា នៅក្នុងព្រឹត្តិការណ៍ប្រកួតលក្ខណៈហ្គេមថ្នាក់ជាតិ លើកក្រោយៗ នឹងមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាកាន់តែច្រើន ដើម្បីរួមគ្នាអភិវឌ្ឍធនធានឲ្យកាន់តែសម្បូរបែប ទៅថ្ងៃអនាគត។

«នៅក្នុងការប្រកួតថ្ងៃទី១ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ យើងឃើញថា កីឡាករ កីឡាការិនី ដែលជានិស្សិតមកពីសាកលវិទ្យាល័យមួយចំនួនបានបញ្ចប់ជាមួយលទ្ធផលល្អប្រសើរ ដែលនេះជាចំណុចវិជ្ជមានដ៏ល្អ ដែលយើងកំពុងសំឡឹងមើលថា ពួកគាត់នឹងអាចចូលរួមជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក នាថ្ងៃអនាគត។ ជាក់ស្តែងដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ទោះបីជានិស្សិតរបស់គាត់មិនមែនហ្វឹកហាត់ជាមួយនឹងសហព័ន្ធមែន ប៉ុន្តែពួកកាត់មានឆន្ទៈខ្ពស់ ក្នុងការចូលរួមជាមួយយើង នាថ្ងៃខាងមុខ»។

អ្វីជាការកត់សម្គាល់ លោក ហែម គីរី បានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ឧត្តមសិក្សាថ្នាក់ជាតិនេះ ក្រៅពីការផ្តល់ឱកាសដល់និស្សិតចូលរួមប្រកួតប្រជែង ក៏ជាការផ្តល់ឱកាសដល់មន្ត្រីដឹកនាំការប្រកួតរបស់សហព័ន្ធជំនាញនេះបានដកស្រង់បទពិសោធន៍បន្ថែមទៀត ដែលពួកគាត់ទើបបានបញ្ចប់វគ្គសិក្សា ជាពិសេសគឺមន្ត្រីវ័យក្មេងៗ ក៏ត្រូវការសិក្សាបន្ថែមលើការដឹកនាំរៀបចំដោយផ្ទាល់ សម្រាប់ការដឹកនាំរៀបចំ នាពេលខាងមុខៗទៀត ជាពិសេសក៏ជាចំណែកដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ។ «ជារួម ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាហែលទឹក ព្រមជាមួយនឹងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរៀបចំការប្រកួតឲ្យកាន់តែច្រើនបន្ថែមទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner