រដ្ឋលេខាធិការក្រសួងអប់រំ សរសើរសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលចូលរួមជាមួយក្រសួងអប់រំ ក្នុងការលើកកម្ពស់គុណភាពអប់រំ
ភ្នំពេញ៖ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ នូវអនុសាសន៍និងកោតសរសើរចំពោះសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានចូលរួម ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់គុណភាពអប់រំ បើទោះបីប្រឈមនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ក៏ដោយ។
ឯកឧត្តម យក់ ង៉ុយ ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិជូនដល់សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន១២៣នាក់នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាខា សែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤។
ឆ្នាំសិក្សា ២០២១-២០២២ គឺជាឆ្នាំសិក្សាដំបូង ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ អាចប្រារព្ធពិធីប្រគល់សញ្ញាបត្រដោយផ្ទាល់ជាមួយគ្នា បន្ទាប់ពីអាក់ខានអស់រយៈពេលជិតបីឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។
លទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ដែលសាលាទទួលបាននៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីភាពជាដៃគូរដែលមិនអាចខ្វះ បានរវាងសាលា និងមាតាបិតា ឬអ្នកអាណាព្យាបាល និងក្រសួងសាមី ហើយគឺជារង្វាស់ពីគុណភាពនៃការអប់រំនៅសាលាអន្តរជាតិ CIA First International School ដូចមានចែងក្នុងទស្សនៈវិស័យរបស់សាលាតាំងពីដើមរៀងមក គឺផ្តល់បរិស្ថាននៃការបង្រៀនដែលលើកកម្ពស់ដល់ការអប់រំកម្រិតខ្ពស់ជាលក្ខណៈអន្តរជាតិទាំងខ្មែរ និងអង់គ្លេស។
ក្នុងន័យនេះ សាលាមានផ្តល់ជូនកម្មវិធីសិក្សាចំនួន២ គឺកម្មវិធីសិក្សាជាតិ ដែលទទួលស្គាល់គុណភាពអប់រំដោយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលស្គាល់គុណភាព អប់រំកម្រិតស្តង់ដារអន្តរជាតិដោយគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Association for School and Colleges)។
នាឱកាសនោះដែរ ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានបញ្ជាក់ពីលទ្ធផលសិក្សាថា ៩០ភាគរយនៃសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងបន្តការសិក្សានៅបរទេស រួមមានសហរដ្ឋអាមេរិក កាណាដា អង់គ្លេស អូស្រ្តាលី និងនូវែលហ្សេឡង់ជាដើម។
មួយចំនួនក៏ទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗនានា ដូចជា University of California Berkley សាលាបណ្ឌិតសភាទ័ពអាកាសអាមេរិក និងសាលាបណ្ឌិតសភាយោធាអាមេរិក West Point ផងដែរ។
សូមបញ្ជាក់ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ជាមួយសិស្សត្រឹមតែ៧នាក់តែប៉ុណ្ណោះ ប៉ុន្តែឥលូវចំនួនសិស្សកើនដល់៣,៩០០នាក់។
បច្ចុប្បន្ន សាលាមានទីតាំងចំនួនបីគឺ ទីតាំងទី១ ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទីតាំងទី២ ស្ថិតនៅតាមបណ្តោយ ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទីតាំងទី៣ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ៕ ដោយ៖ ទីណា និងបុត្រា