ចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រ គឺជាសមិទ្ធផលដ៏ធំសម្រាប់អត្តពលិកកម្ពុជា ត្រៀមការប្រកួតកម្រិតអន្តរជាតិ លើកក្រោយៗទៀត

អត្ថបទដោយ៖
ហេង វណ្ណា

ចំណាត់ថ្នាក់លេខ៣ របស់កីឡាករ ឈិន ចាន់សង្ហា គឺជាសមិទ្ធផលដ៏ធំសម្រាប់កម្ពុជា ត្រៀមការប្រកួតកម្រិតអន្តរជាតិ លើកក្រោយៗទៀត។ នេះជាការបញ្ជាក់របស់ លោក លី គា អ្នកចាត់ការទូទៅក្លិបកីឡាវាយកូនហ្គូល City Golf  ពីព្រឹត្តិការណ៍ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសឥណ្តូនេស៊ី ក្នុងចំណោមកីឡាករ១២០នាក់ មកពី៧ប្រទេស ក្នុងតំបន់អាស៊ាន ខណៈលេខ១ បានលើកីឡាករ ម៉ាឡេស៊ី និងលេខ២ កីឡាករ វៀតណាម។

អ្នកចាត់ការទូទៅ ក្លិប CITY GOLF និងជាប្រធានប្រតិភូ បានអះអាងថា លទ្ធផលល្អនេះ គឺជាជោគជ័យដ៏ធំ ក្នុងឆ្នាំ២០១៩ ពីឆាកអន្តរជាតិ។ ប្រធានប្រតិភូរូបនេះ ក៏បានបញ្ជាក់ទៀតថា ចំណាត់ថ្នាក់លេខ៣ ដែលកីឡាករកម្ពុជា ឈិន ចាន់សង្ហា ដណ្តើមបានពីការប្រកួតកម្រិតអាស៊ាន គឺជាមោទនភាពមួយ បង្ហាញឲ្យអន្តរជាតិដឹងថា វិស័យគោលនៅកម្ពុជា កំពុងតែរីកចម្រើនមិនចាញ់ប្រទេសក្នុងតំបន់ ហើយលោក លី គា សង្ឈឹមជឿជាក់ថា នៅឆ្នាំ២០២០ខាងមុខ អត្តពលិកកម្ពុជា នឹងប្រជែងបានលទ្ធផលល្អប្រសើរជាងឆ្នាំនេះទៀត។ អ្នកចាត់ការទូទៅរូបនេះ បញ្ជាក់ថា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ខាងមុខនេះ អត្តពលិកកម្ពុជា នឹងជោគជ័យខ្លាំងជាងនេះ ដោយបច្ចុប្បន្នសហព័ន្ធកីឡាវាយកូនហ្គូល កំពុងបណ្តុះបណ្តាលយុវជនវ័យក្មេងដែលមានសមត្ថភាព ត្រៀមប្រជែងព្រឹត្តិការណ៍ BRIDGESTONE ASEAN AMATEUR OPEN។ ជាមួយគ្នានេះ ក្លិបកីឡាវាយកូនហ្គូល CITY GOLF ក៏បានប្តេជ្ញាជួយគាំទ្រ ដើម្បីបន្តនាំជោគជ័យជូនកម្ពុជា ពីឆាកអន្តរជាតិ។ ដូច្នេះ ហើយទើប លោក លី គា អំពាវនាវឲ្យអាណាព្យាបាលគ្រប់គប្បីឲ្យកូនៗ ចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ស្របតាមអនុសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មនុស្សម្នាក់គួរលេងកីឡាឲ្យបានមួយមុខ ជាពិសេសកីឡាហ្គូលតែម្តង ពីព្រោះបច្ចុប្បន្ន ក្លិបកីឡាកូនហ្គូល City Golf  ចាប់ផ្តើមទទួលបណ្តុះបណ្តាល និងមានគ្រូជំនាញមកពីអន្តរជាតិ ត្រៀមផលិតធនធានប្រកបដោយសមត្ថភាពពិតៗ ត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។

ក្រៅពីការប្រកួត លោក លី គា និងកីឡាករកម្ពុជាទាំង៣រូប ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឥណ្តូនេស៊ី ជុំវិញវិស័យទេសចរណ៍ នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ក្នុងនោះថ្នាក់ដឹកក្រសួងទេសចរណ៍ឥណ្តូនេស៊ី ក៏បានសរសើរប្រទេសកម្ពុជាជាប្រទេសមានសក្តានុពលច្រើន ដូចជាទេសចរណ៍វប្បធម៌ ធនធានធម្មជាតិ និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលប្រសិទ្ធនាមថា តារារះនាទិសនិរតី។

តំណាងឲ្យលោក ឧកញ៉ា ឈុន អូន ម្ចាស់ក្លិបកីឡាវាយកូនហ្គូល CITY GOLF ក៏សូមថ្លែងអំណរគុណដល់កីឡាករកម្ពុជាទាំង៣រូប ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រជែងបានលទ្ធផលល្អជូនកម្ពុជា ជាពិសេស បណ្តាក្រុមហ៊ុនដែលបានឧបត្ថម្ភគាំទ្រ សម្រាប់ការប្រកួតវគ្គជម្រុះនៅកម្ពុជាផងដែរ។ ដោយឡែកកីឡាករ ឈិន ចាន់សង្ហា ក៏បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយដែលមានឱកាសបញ្ចេញសមត្ថភាពនៅអន្តរជាតិ ហើយដណ្តើមបានលេខ៣ទៀត។ ឈិន ចាន់សង្ហា ក៏ថ្លែងអំណរគុណដល់ លោក លី គា តំណាង CITY GOLF ដែលបង្កើតការប្រកួត BRIDGESTONE ASEAN AMATEUR OPEN វគ្គជម្រុះ នៅកម្ពុជាហើយ ផ្តល់ឱកាសឲ្យកីឡាករវាយកូនគោលកម្ពុជា បានចូលរួមជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ថែមទាំងសម្របសម្រួលដល់ការហូកចុកស្នាក់នៅ អំឡុងពេលប្រកួតទៀត។ កីឡាករ ឈិន ចាន់សង្ហា ក៏បានប្តេជ្ញាបង្កើនការ ហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រជែងយកលទ្ធផលល្អជាងនៅឆ្នាំក្រោយទៀត។

សូមបញ្ជាក់ថា  ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPEN នៅឥណ្តូនេស៊ី មាន៧ប្រទេសគឺ  ម៉ាឡេស៊ី វៀតណាម សង្ហបុរី ថៃ ព្រុយណេ កម្ពុជា និងម្ចាស់ផ្ទះឥណ្តូនេស៊ី និងមានកីឡាករសរុបជាង១២០នាក់។ ដោយឡែកកម្ពុជាបញ្ជូនកីឡាករ៣រូប និងប្រតិភូ១រូប ចូលរួម  គឺកីឡាករ ឈិន ចាន់សង្ហា កីឡាករ ឡេង តុង កីឡាករ ហៃ ងួន និង លោក លី គា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner