ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រអំពីការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញគឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពីការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ថ្មី (ពីរ មាត្រា ១៥២ថ្មី) និងមាត្រា១៥៥ថ្មី (ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាព ការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
គួរបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ធម្មនុញ្ញ” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមប្រឹក្សាធម្មនុញ្ញ