ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ បានក្រើនរំលឹក ក្រុមប្រឹក្សាឃុំថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែងត្រូវបម្រើប្រជាពលរដ្ឋឲ្យល្អជាងមុន

ព្រៃវែង ៖ ឯកឧត្តម អ៉ីវ លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំថ្មីដែលទើបប្រកាសចូលកាន់មុខតំណែងសម្រាប់អាណត្តិទី៥ នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបនៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២២។

ឯកឧត្តម អ៉ីវ លាង បានអបអរសាទរជាមួយក្រុមប្រឹក្សាឃុំថ្មី ដែលទើបតែចូលកាន់មុខតំណែងសម្រាប់អាណត្តិថ្មីនេះ សូមក្រុមប្រឹក្សាឃុំចូលរួមសហកាធ្វើការជាមួយគ្នា សាមគ្គីភាព និងបន្តពន្លឿនដោះស្រាយការងារដែលនៅសេសសល់ពីអាណត្តិមុន និងជំរុញការងារសម្រាប់អាណត្តិថ្មីនេះឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការបម្រើនូវសេចក្តីត្រូវការ សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជាការឆ្លើយតបឱ្យសាកសមទៅនឹងប្រជាពលរដ្ឋដែលបានជឿជាក់ និងផ្តល់ទំនុកចិត្ត ឱ្យធ្វើជាតំណាងរបស់ពួកគាត់នៅក្នុងមូលដ្ឋានតាមរយៈការបោះឆ្នោតជូន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

ឯកឧត្តម បន្ថែមទៀតថា ជាក្រុមប្រឹក្សាឃុំ ជាអាជ្ញាធរមូលដ្ឋានត្រូវបម្រើប្រជាពលរដ្ឋដោយតម្លាភាព គណនេយ្យ ពិនិត្យសេចក្ដីតម្រូវការជាក់ស្តែង និងបំពេញតាមសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ដាច់ខាតមិនត្រូវប្រកាន់អើសរើង ជាពិសេសនិន្នាការណាមួយនោះទេ ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានក្រើនរំលឹកក្រុមប្រឹក្សាឃុំថ្មី សូមរួសរាន់ និងចាត់ចែងធ្វើតាមនូវអ្វីដែលខ្លួនបានសន្យាជាមួយប្រជាពលរដ្ឋថាត្រូវធ្វើ ក្រោយពីខ្លួនបានជាប់ឆ្នោតនោះ ហើយក្រុមការងារថ្នាក់ជាតិត្រូវពិនិត្យថា តើខ្លួនមានបានសន្យាទេ បើមាន រួសរាន់ចាត់ចែង។

សូមជម្រាបជូនដែរថា ដូចតាមសន្យារបស់ក្រុមការងារ និងមេឃុំថ្មី ដែលបានសន្យានៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ថ្ងៃនេះ បន្ទាប់ពីជួបសំណេះសំណាលរួចមក ឯកឧត្តម រួមនឹងក្រុមការងារថ្នាក់ជាតិ អមដំណើរដោយមេឃុំថ្មី មេភូមិពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នូវទីតាំងទំនាស់មានផ្លូវ និងប្រឡាយទឹកនៅភូមិប្រស្រែ ដើម្បីដោះស្រាយជូនតាមការសន្យា៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner