រដ្ឋមន្ត្រីក្រសួងការងារ៖ ការរៀបចំឱ្យមានរបបប្រាក់សោធន ជាការឆ្លើយតបទៅនឹងអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះពលរដ្ឋខ្លួន

ភ្នំពេញ៖ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ ទាំង១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល២ឆ្នាំ កាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩កន្លងទៅ ដែលមានចំនួន៧៧លើក និងមានកម្មករនិយោជិតចំនួន ១លាននាក់បានចូលរួម។ ក្នុងន័យនេះ ការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់បងប្អូនកម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យអនុវត្តរបបសន្តិសុខសង្គម ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គមនេះ។

នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារទៅដល់ថ្នាក់ដឹកនាំសហជីព និងក៏ជាកិច្ចប្រជុំលើកទី២ នៃយុទ្ធនាការ៩០ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអត្ថប្រយោជន៍ និងកាតព្វកិច្ច ដែលបងប្អូនកម្មករនិយោជិត និងនិយោជក ត្រូវមានកាតព្វកិច្ច និងទទួលបានពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា នេះជាដំណាក់កាលដ៏សំខាន់ណាស់ ដែលវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា បានដើរមកដល់ដំណាក់កាលដ៏សំខាន់នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលច្រើនឆ្នាំកន្លងមក ដើម្បីរៀបចំប្រព័ន្ធសន្តិសុខសង្គមសម្រាប់ប្រជាជាតិរបស់យើង។ តាមរយៈការអនុវត្តនូវរបបសន្តិសុខសង្គមនេះគេបានសង្កេតឃើញនូវទស្សនទាន (២) រួមមាន៖ ការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ដែលទស្សនទាន២នេះ បាននាំមកនូវកិច្ចធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចបាននោះទេ និងមានន័យម្យ៉ាងទៀតថា ជាការរួមចំណែកសម្រាលបន្ទុកសង្គមផងដែរ។ ម្យ៉ាងវិញទៀត ការអនុវត្តរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈការកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនៅក្នុងច្បាប់នេះ បានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ហើយមកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាចំណែកមួយក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា៕
ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការងារ

ads banner