កម្ពុជាស្នើសុំឱ្យចិន មកវិនិយោគលើវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំចេញទៅប្រទេសចិន

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានស្នើឱ្យវិនិយោគិនចិនមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងវិស័យអាទិភាពទាក់ទងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន និងដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជំរុញបែបនេះធ្វើ ក្នុងឱកាសដែលឯកឧត្តម និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបើកកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

ការជំរុញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្របពេលដែលចិនបានអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញ ផ្លែមៀនប៉ៃលិន និងត្រីប្រា ក្នុងពេលឆាប់ៗនេះ ក្រោយពេលពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន បានចុះហត្ថលេខារួចរាល់កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើសុំភាគីចិនជួយជំរុញ និងពន្លឿនកិច្ចសហប្រតិបត្តិការលើកៅស៊ូធម្មជាតិ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងពិនិត្យលទ្ធភាពក្នុងការនាំចេញទំនិញកៅស៊ូទៅកាន់ប្រទេសចិន និងស្នើឱ្យភាគីចិន ពិនិត្យលទ្ធភាពនាំចូលម្រេច និងផ្លែទុរេនកម្ពុជា និងបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា៤០ម៉ឺនតោន ដោយរួចពន្ធ តាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី បានជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនជាកញ្ចប់តែម្តង ជាជាងធ្វើពិធីសារសម្រាប់តែផលិតផលមួយមុខៗម្តង៕ Page

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner