ថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរាអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នេះ លោកជំទាវ ឌិត នីតា អគ្គនាយិកាក្រុមហ៊ុនអប្សរាព៍ត៌មាន រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិក នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលកំពុងតម្កល់ធ្វើបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានតាមបណ្តោយផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនេះ លោកជំទាវ ឌិត នីតា ក្នុងនាមថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងបុគ្គលិកទាំងអស់ ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងពន់ពេកខណៈពេលបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ អ៊ូ វាសនា ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនាថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០:៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូនប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់ លោកជំទាវ អ៊ូ វាសនា បានលះបង់ អស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនចៅ ឱ្យក្លាយទៅជាពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងបានខិតខំកសាងនូវកុសលនានា។
លោកជំទាវ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា សូមចូលរួមរំលែកទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយ ឯកឧត្តម ព្រមទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អ៊ូ វាសនា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងការអញ្ជើញចូលរួមរំលែកនូវមរណ:ទុក្ខជូនចំពោះឯកឧត្តម សូ ម៉ារ៉ា រួចមក លោកជំទាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានអុចធូប គោរពវិញ្ញាណក្ខ័ន្ធនៃសព និងបាននាំយកបច្ច័យបួន ដើម្បីចូលរួមក្នុងពិធីបុណ្យតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕ ដោយ៖ ង៉ាន់ ទិត្យ

















