IPTP គាំទ្រគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា
ភ្នំពេញ៖ សម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក គាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋសភា បានបន្តថា គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី “ការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក”។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋសភាបានបន្តថា សម័យប្រជុំនេះមានការចូលរួមពីសភាប្រទេសជាសមាជិក IPTP ចំនួនប្រមាណជា៦៥ប្រទេស ក្នុងចំណោមប្រទេស៩០ ជាសមាជិក។ ក្នុងឱកាសនៃសម័យប្រជុំនេះផងដែរ ក្រុមប្រឹក្សាប្រតិបត្តិបានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ ឯកឧត្តម សួស យ៉ារ៉ា ជាអនុប្រធាន IPTP និងបានដាក់សំណើឈ្មោះឯកឧត្តម ទៅមហាសន្និបាតជាបេក្ខជនប្រធាន IPTP សម្រាប់ឆ្នាំ២០២៣។ តំណាងរដ្ឋសភាកម្ពុជាទទួលបានកិត្តិយសឡើងថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំ ដោយបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនរួមមាន៖ តួនាទីសមាជិកសភាក្នុងការជួយធានាថា ច្រករបៀងមនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើកទូលាយដល់ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្ម បណ្តាញចែកចាយស្បៀង ផលិតផលគន្លឹះដូចគ្រាប់ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែងចេញពីការដាក់ទណ្ឌកម្មនានា។

សម័យប្រជុំគាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។ ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុក ក៏បានបញ្ជាក់ពីការទទួលយកការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាម៉ារ៉ុក ទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភាជាតិ

