មីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការប្រើប្រាស់គ្រាប់មីនដោយខុសច្បាប់

ណៃពិដោ៖ អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបាននិងកំពុងប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការដាក់គ្រាប់មីនជាទ្រង់ទ្រាយធំនៅក្នុង និងជុំវិញភូមិនានាក្នុងរដ្ឋKayah ភាគអាគ្នេយ៍ ចំពេលមានការប្រយុទ្ធគ្នាជាថ្មីរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karenni។

ក្រុមការពារសិទ្ធិមនុស្សបាននិយាយថា ការស៊ើបអង្កេតផ្លូវគោកនៅរដ្ឋKayah ដែលត្រូវបានគេស្គាល់ថា ជារដ្ឋ Karenni បានរកឃើញថា យោធាបាននិងកំពុងប្រើប្រាស់គ្រាប់មីនជាច្រើនប្រភេទ រួមទាំង M-14 និង MM-2 ផងដែរ។ គ្រាប់មីនទាំងពីរប្រភេទនេះ ផលិតនៅប្រទេសមីយ៉ាន់ម៉ាផ្ទាល់។

លោក Matt Wells នាយករងផ្នែកឆ្លើយតបវិបត្តិរបស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់គ្រាប់មីនរបស់យោធាមីយ៉ាន់ម៉ា គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម និងឃោរឃៅ។

នៅពេលដែលពិភពលោកបានហាមឃាត់យ៉ាងលើសលប់នូវសព្វាវុធទាំងនេះ យោធាមីយ៉ាន់ម៉ាបែរជាបានដាក់វានៅក្នុងទីធ្លាផ្ទះរបស់មនុស្ស និងសូម្បីតែជណ្ដើរ ក៏ដូចជានៅជុំវិញព្រះវិហារផងដែរ។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារមួយកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយជំរុញឱ្យមានបាតុកម្មទ្រង់ទ្រាយធំ, ការតស៊ូប្រដាប់អាវុធក្នុងចំណោមជនស៊ីវិលដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា និងការកកើតឡើងវិញនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃជាច្រើនជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ព្រំដែនរបស់ប្រទេសនេះ។

បើតាមអង្គការសហប្រជាជាតិ របបដឹកនាំយោធាបានឆ្លើយតបដោយកម្លាំងបាយ ធ្វើឱ្យមនុស្សជាង ២,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាប និងរាប់សែននាក់ទៀតត្រូវបង្ខំចិត្តឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner