មន្រ្តីអាមេរិក៖ ការភ័យខ្លាចដ៏ធំបំផុតបានក្លាយជាការពិត នៅពេលដែលរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក ចូ បៃដិន កំពុងធ្វើការយ៉ាងក្តៅគគុកនៅពីក្រោយឆាក ដើម្បីរក្សាសម្ព័ន្ធមិត្តអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់ខ្លួនបន្ថែមទៀតដល់សហភាពអឺរ៉ុប ដែលបង្កឱ្យមានការភ័យស្លន់ស្លោលើភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក ជុំវិញការខ្វះខាតឧស្ម័នធ្ងន់ធ្ងរដែលអាចឈានចូលដល់រដូវរងា។

នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុនឧស្ម័នរដ្ឋរបស់រុស្ស៊ី Gazprom បាននិយាយថា ខ្លួននឹងកាត់បន្ថយលំហូរតាមបំពង់ Nord Stream 1 ទៅកាន់ប្រទេសអាល្លឺម៉ង់ជាងពាក់កណ្តាល មកត្រឹម២០%នៃសមត្ថភាពរបស់វា។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទង្វើនេះគឺជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ក្រុមមន្ត្រីបន្តថា ដើម្បីឆ្លើយតបទៅនឹងភាពចលាចលនេះ សេតវិមានបានបញ្ជូនអ្នកសម្របសម្រួលប្រធានាធិបតី ទទួលបន្ទុកកិច្ចការថាមពលសកលលោក Amos Hochstein ទៅកាន់អឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះ។

លោក Hochstein នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស និងទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីផែនការបន្ទាន់ជាមួយក្រុមការងារថាមពលអាមេរិក-សហភាពអឺរ៉ុប ដែលបានបង្កើតឡើងក្នុងខែមីនា មួយខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

មន្ត្រីអាមេរិកដដែលបន្ថែមថា នេះគឺជាការភ័យខ្លាចដ៏ធំបំផុតរបស់យើង ហើយថា ឥទ្ធិពលលើអឺរ៉ុបអាចនឹងធ្លាក់មកលើអាមេរិកវិញ ដោយធ្វើឲ្យតម្លៃឧស្ម័នធម្មជាតិ និងអគ្គិសនីកើនឡើង។ វាក៏នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយនៃភាពធន់របស់អឺរ៉ុប និងការរួបរួមប្រឆាំងនឹងរុស្ស៊ីផងដែរ ដោយសារវិមានក្រឹមឡាំងមិនបង្ហាញសញ្ញា នៃការដកថយការវាយលុកលើអ៊ុយក្រែនទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក-ទីក្រុងព្រុចសែលបាននិងកំពុងអំពាវនាវដល់សមាជិកសហភាពអឺរ៉ុបឱ្យរក្សាទុកឧស្ម័ន សម្រាប់រដូវរងារ ហើយនៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្ត្រីថាមពលបានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ចាប់ពីខែសីហា ដល់ខែមីនា ឆ្នាំក្រោយ ៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner