ប្រធានាធិបតីអ៊ីរ៉ង់៖ ការបញ្ចប់កិច្ចចរចានុយក្លេអ៊ែរទាមទារការ ប្តេជ្ញាចិត្ត ពីសហរដ្ឋអាមេរិក
តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ី រ៉ៃស៊ី នៅថ្ងៃអង្គារ សប្តាហ៍នេះ បានថ្លែងអះអាងថា ការបញ្ចប់កិច្ចចរចាដើម្បី សង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទាមទារការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ បានផ្សាយថា លោក រ៉ៃស៊ី បាននិយាយថា អ៊ីរ៉ង់មិនដែលចាកចេញពីតុចរចាទេ ហើយវាគឺជា លោកខាងលិចទៅវិញទេ ដែលបង្កើតវិបត្តិនៅក្នុងការចរចាទាំងនេះ ដោយលោកចង់សំដៅទៅលើការចេញដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់នាពេលថ្មីៗនេះ នៅក្នុងក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពល បរមាណូ អន្តរជាតិ (IAEA)។
លោក រ៉ៃស៊ី បន្ថែមថា ជំហររបស់អ៊ីរ៉ង់ គឺ “សមស្រប និងសមហេតុផល ហើយប្រសិនបើភាគីម្ខាងទៀតប្រព្រឹត្តដោយសមស្រប និង សមហេតុផល ដែរ នោះការចរចាអាចនាំទៅរកលទ្ធផល។
គួរបញ្ជាក់ថា ការពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឡើងវិញបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅ ទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនា ឆ្នាំ២០២២នេះ ដោយសារតែភាពខុសគ្នាខាងនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ភាគីទាំងពីរបានជួបពិភាក្សាដោយប្រយោលនៅទីក្រុងដូហា ប្រទេស កាតា កាលពីចុងខែមិថុនាកន្លងទៅ ប៉ុន្តែបានបរាជ័យក្នុងការ ដោះស្រាយភាពខុសគ្នារបស់ពួកគេ៕
ប្រភព៖ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




