អធិរាជជប៉ុនត្រូវបានធ្វើព្រះរោគវិនិច្ឆ័យថា មានជំងឺខ្សោយបេះដូង

តូក្យូ៖ ព្រះចៅអធិរាជ Emeritus Akihito ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺខ្សោយបេះដូង ប៉ុន្តែថា ស្ថានភាពរបស់ទ្រង់មានភាពប្រសើរឡើង ជាមួយនឹងការព្យាបាល។

ប្រភពពីរាជវង្សបានឲ្យដឹងថា ព្រះចៅអធិរាជ Akihito បានធ្វើការស្កែន MRI នៅមន្ទីរពេទ្យ University of Tokyo ថ្មីៗនេះ ហើយគ្រូពេទ្យបានរកឃើញសន្ទះបិទបើកនៅផ្នែកខាងស្តាំនៃបេះដូងរបស់ព្រះអង្គ។ ជំងឺខ្សោយបេះដូងត្រូវបានគេសង្ស័យ ដោយផ្អែកលើការវាយតម្លៃផ្នែកវេជ្ជសាស្ត្រជាច្រើន ដែលបានធ្វើឡើងចាប់តាំងពីខែមុន ។

បើតាមប្រភពដដែល ព្រះអង្គមិនមានអារម្មណ៍ថា មានផលប៉ះពាល់នៃជំងឺនេះទេ ហើយស្ថានភាពរបស់ព្រះអង្គមានភាពប្រសើរឡើង ចាប់តាំងពីបានចាប់ផ្តើមប្រើថ្នាំ និងកម្រិតការទទួលទានសារធាតុរាវរបស់ព្រះអង្គ កាលពីចុងខែមិថុនា ។

គួររម្លឹកថា កាលពីឆ្នាំ២០១២ ព្រះចៅអធិរាជ Emeritus Akihito បានទទួលការវះកាត់បេះដូង បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការឈឺទ្រូង។ ប៉ុន្តែគ្រូពេទ្យនិយាយថា មិនមានទំនាក់ទំនងរវាងការវះកាត់នោះ និងស្ថានភាពបច្ចុប្បន្នរបស់ព្រះអង្គទេ។

គ្រួសាររាជវង្សបានបញ្ជាក់ដែរថា សម្រាប់ពេលនេះ ព្រះចៅអធិរាជ បានកាត់បន្ថយសកម្មភាព ដូចជាការយាងដើរពេលព្រឹក និងពេលល្ងាច ខ្លីៗ ប៉ុន្តែការរឹតបន្តឹងផ្សេងទៀតគឺមិនចាំបាច់ទេ។ ព្រះអង្គបាននិងកំពុងបន្តទទួលការព្យាបាលនៅផ្ទះ។

ទីភ្នាក់ងារគ្រួសាររាជវង្សក៏បានអះអាងផងដែរថា ម្ចាស់ក្សត្រី Empress Emerita Michiko បានទទួលការវះកាត់ផ្នែកខាងក្រៅលើភ្នែកខាងស្តាំរបស់ព្រះអង្គ កាលពីថ្ងៃអាទិត្យដែរ តែពេលនេះទ្រង់កំពុងតែប្រសើរឡើងវិញ៕ ប្រភពពី NHK, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner