អ៊ុយក្រែននឹងទទួលបានថវិកា ១.៦ពាន់លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប

កៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្ម៊ីហាល់ បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងទទួលបានថវិកាចំនួន ១.៦ពាន់លានអឺរ៉ូ ឬប្រហែល ១.៦២ពាន់លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប (EIB)។

លោក ស្ម៊ីហាល់ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កាលពីម្សិលមិញ ធនាគារវិនិយោគអឺរ៉ុបបានយល់ព្រមផ្តល់ប្រាក់ចំនួន ១.៦ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន ដោយក្នុងនោះថវិកា១ពាន់លានអឺរ៉ូនៃចំនួនសរុបនេះ នឹងត្រូវបែងចែកភ្លាមៗ។
នេះបើតាមសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែន។

លោក ស្ម៊ីហាល់ បន្តថា មូលនិធិខាងលើនេះនឹងត្រូវបានបែងចែកសម្រាប់សកម្មភាពរៀបចំនៅក្នុងប្រទេសអ៊ុយក្រែននារដូវកាលក្តៅ ក្នុងនោះមានដូចជាការស្ដារឡើងវិញនូវគ្រឿងបរិក្ខារផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត និងគ្រឿងបរិក្ខារផ្គត់ផ្គង់កំដៅ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក សឺហ៊ី ម៉ាចឈិនកូ បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយកាលពីខែមុនថា ទីក្រុងកៀវគ្រោងនឹងរៃអង្គាសប្រាក់ចំនួន២០ពាន់លានដុល្លារជាជំនួយអន្តរជាតិ ពីដៃគូលោកខាងលិចរបស់ខ្លួននៅចុងឆ្នាំ២០២២នេះ។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានឱ្យដឹងទៀតថា អ៊ុយក្រែនក៏នឹងប្រើប្រាស់ផ្នែកមួយនៃមូលនិធិពីធនាគារវិនិយោគអឺរ៉ុប (EIB) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពល ផ្លូវថ្នល់ ការដឹកជញ្ជូន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតផងដែរ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner