ប្រទេសធំៗចំនួនបីរួមគ្នា ជួយប្រទេសឆែកពន្លត់ភ្លើងឆេះព្រៃ ដ៏កំណាច
ប្រាក៖ ប្រទេសស្លូវ៉ាគី ប៉ូឡូញ និងអ៊ីតាលី ត្រូវបានស្នើឱ្យបញ្ជូនយន្តហោះពន្លត់អគ្គីភ័យទៅកាន់សាធារណរដ្ឋឆែក ដើម្បីជួយប្រទេសនេះទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំមួយនៅក្នុងឧទ្យានជាតិ។
សេវាសង្គ្រោះអគ្គិភ័យរបស់ឆែក (FRS CR) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា បច្ចុប្បន្នអ្នកពន្លត់អគ្គីភ័យចំនួន ៤១០នាក់មកពី៨៣អង្គភាពកំពុងពន្លត់ភ្លើងនៅក្នុងឧទ្យានជាតិ Bohemian Switzerland ក្បែរទីក្រុង Hrensko ។ ឧទ្ធម្ភាគចក្រ ៤គ្រឿង និងយន្តហោះ២គ្រឿងក៏កំពុងជួយនៅនឹងកន្លែងនោះដែរ។
នាយករដ្ឋមន្ត្រីឆែកលោក ផេតធឺ ហ្វៀឡា បាននិយាយបន្ទាប់ពីលោកបានទៅទស្សនាឧទ្យាននេះនៅថ្ងៃអង្គារថា ភ្លើងកំពុងឆាបឆេះនៅក្នុងទីតាំងដែលពិបាកចូលទៅដល់ ហើយការប្រើប្រាស់បច្ចេកវិទ្យាពីលើអាកាសបង្ហាញថា មានប្រសិទ្ធភាពខ្លាំង។
លោកថា ដូច្នេះយើងបានងាកទៅរកប្រទេសផ្សេងទៀតជាមួយនឹងសំណើសម្រាប់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ និងយន្តហោះដែលអាចត្រូវបានប្រើដើម្បីគ្រប់គ្រងអគ្គីភ័យ។ ខ្ញុំសូមអរគុណស្លូវ៉ាគី ប៉ូឡូញ និងអ៊ីតាលី ដែលបានសន្យាជួយរួចហើយ។
ជាមួយគ្នានេះ អគ្គនាយកសេវាសង្គ្រោះអគ្គីភ័យរបស់ឆែកលោក វ្ល៉ាឌីមៀ វីសេក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកមិនអាចទស្សន៍ទាយថាតើភ្លើងនឹងបញ្ចប់នៅពេលណានោះទេ គឺវាអាស្រ័យលើកក្តាអាកាសធាតុ ជាពិសេសលើកម្លាំង និងទិសដៅនៃខ្យល់ ហើយថា វាអាចចំណាយពេលច្រើនថ្ងៃថែមទៀត ដើម្បីពន្លត់ភ្លើងទាំងស្រុង។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចាប់ផ្តើមឆាបឆេះរាលដាលនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយសារខ្យល់បោកបក់ខ្លាំង ហើយវាថែមទាំងឆ្លងកាត់ព្រំដែនប្រទេសនេះជាមួយនឹងអាល្លឺម៉ង់ទៀតផង។
រហូតមកដល់ពេលនេះ វាបានប៉ះពាល់ដល់ផ្ទៃដីប្រហែល៣០ហិកតានៅក្នុងឧទ្យានខាងលើ។ នេះបើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទន្ទឹមនឹងហេតុការណ៍នេះ ប្រជាជនក្នុងតំបន់ និងអ្នកទេសចរត្រូវបានជម្លៀសចេញ ហើយគ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍ឡើយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




