រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះទេ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់នៅក្នុងសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះ ជាពិសេស ការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មបម្រើផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ដូចអ្វីដែលរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនមករដ្ឋសភា”។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមាត្រា ១៥៤ថ្មី (ពីរ) និងមាត្រា ១៥៥ថ្មី (ពីរ) បានចែងការពារ និងគោលការណ៍គ្រឹះសំខាន់ចំនួនពីរ នៃរដ្ឋធម្មនុញ្ញ ដែលដាច់ខាតមិនអាចត្រូវបានសើរើ គឺទី១.មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ និងទី២.មិនត្រូវធ្វើឱ្យប៉ះពាល់ដល់របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះរដ្ឋធម្មនុញ្ញក៏បានចែងកំណត់ផងដែរថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ដើម្បីធានាការពារនៅគោលការណ៍គ្រឹះ នៃរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញបានចែងកំណត់នៅនីតិវិធីមួយសម្រាប់ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានលក្ខណៈតឹងរ៉ឹងខុសពីនីតិវិធីនៃការធ្វើច្បាប់ធម្មតា ជាពិសេសត្រូវឆ្លងព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ដើម្បីទ្រង់ពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាប័នកំពូលរបស់ជាតិតែមួយគត់ ដែលមានសមត្ថកិច្ចការធានា ការគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននៅការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម ព្រមទាំងជាការលើកកម្ពស់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការ បោះឆ្នោតស្របតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner