គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌសែនសុខ បន្តលើការងារសន្តិសុខ សុវត្ថិភាព កាត់បន្ថយបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ លើការងារសន្តិសុខ សុវត្ថិភាព ជាពិសេសនោះ ដើម្បីកាត់បន្ថយនៅបទល្មើសផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ដឹកនាំកម្លាំងដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បានបន្តដាក់កម្លាំងចុះត្រួតពិនិត្យ ឆែកអាវុធជាតិផ្ទុះ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលេខ១០១៩ (ភ្នំពេញ-ហាណូយ) ស្ថិតនៅត្រង់ចំណុចមុខមជ្ឃមណ្ឌលបណ្តុះកូនឈើ ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ មានកម្លាំងសរុបចំនួន ៤០នាក់ ក្នុងនោះ មានមន្រ្តីសាលាខណ្ឌ ចំនួន ០៧នាក់ នគរបាលខណ្ឌ ចំនួន ០៨នាក់ កងរាជអាវុធហត្ថខណ្ឌ ចំនួន ០៩នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន ១៦នាក់។ របាយការណ៍ដដែល បានបង្ហាញឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ច ចម្រុះបានត្រួតពិនិត្យមធ្យោបាយឆ្លងកាត់ចំនួន ១៧៥គ្រឿង ជាលទ្ធផល គឺពុំមានបទល្មើសអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ៕ ដោយ ៖ ឆៃហួត






