រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនឹងមកកម្ពុជាចាប់ពីថ្ងៃ៣-៦ ខែសីហា 

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអូស្រ្តាលី លោកទាវ Penny Wong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា  និងចូលរួមប្រជុំអាស៊ានការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ០៣ ដល់ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោក Anthony Maguire មន្រ្តីប៉ូលិសជាន់ខ្ពស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ កាលពីពេលថ្មីៗទៅកន្លងទៅនេះ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។  

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើក ទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា ដោយរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន។ 

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើក ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន ៖

 – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

 – ជំនួបរវាងរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន  ស្តីពីសិទ្ធិមនុស្ស

 – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥

 – សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន

 – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានបូកបី លើកទី២៣

 – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២

 – កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩

ស្របពេល ជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតានិងអារ៉ាប់រួមអេមីរ៉ាត់។  រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជានិងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍   (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥  និងកិច្ចប្រជុំពាក់ព័ន្ធ  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់ឯកឧត្ដម៕

ដោយ៖ពល​ជ័យ

ads banner