ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ

កំពង់ឆ្នាំង៖ មូលនិធិ Planet Water បានតម្លើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan នៅ២ទីតាំង ដែលប៉មទី៣៩ ស្ថិតនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង និងប៉មទី៤០ ស្ថិតនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់។សមិទ្ធផលនេះបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។

ថ្លែងក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពោធិ៍ ក្នុងខេត្តកំពង់ឆ្នាំង លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រទេសចាំបាច់ត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាពប៉ុន្តែបើមានសុខភាពមិនល្អ វានឹងក្លាយជាឧបសគ្គមួយដល់ការអភិវឌ្ឍ។

ការផ្តល់មធ្យោបាយណាមួយដែលជួយឱ្យសិស្សនិងប្រជាពលរដ្ឋឈានទៅរកការមានសុខភាពល្អពិតជាការចូលរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ ពង្រាយប៉មចម្រោះទឹកស្អាតAquaTowers និងម៉ាស៊ីនអនាម័យAquaSans ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីសម្ពោធនៅអនុវិទ្យាល័យព្រះសីហនុក្រគរ ក្នុងខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ការផ្តល់ជូននូវប៉មចម្រោះទឹកដោយមូលនិធិកូកា-កូឡានាថ្ងៃនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយការចំណាយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់សិស្សានុសិស្ស ក៏ដូចជាសហគមន៍នៅក្នុងមូលដ្ឋានដោយពួកគាត់អាចទទួលបានទឹកស្អាតសម្រាប់ពិសាទាំងនៅសាលារៀន និងអាចយកទៅប្រើប្រាស់នៅតាមផ្ទះផងដែរ។

ឯកឧត្តមពិតជាសាទរ និងថ្លែងអំណរ គុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការដៃគូដែលបានធ្វើឱ្យគម្រោងនេះលេចជារូបរាងឡើង។ លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទន ភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសា ប្រកបដោយសុវត្ថិភាពនិងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។

គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ ២០២២នេះ»។ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀននិងសហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយាចំពោះសុខភាពទឹក និងអនាម័យ។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡាផងដែរ»។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡាបានបរិច្ចាគថវិកាជាង១៣លានដុល្លាដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner