លោក បៃដិន ថា យន្តហោះដ្រូនអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដានៅអាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះថា មេដឹកនាំក្រុមអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯសេតវិមានថា ខ្ញុំបានអនុញ្ញាតឱ្យមានការវាយប្រហារដ៏ច្បាស់លាស់ ដែលនឹងដកគាត់ (មេដឹកនាំអាល់កៃដា) ចេញពីសមរភូមិ លោកថា មិនមានជនស៊ីវិលស្លាប់ទេ។ លោក បៃដិន បន្ថែមថា ឥឡូវនេះ យុត្តិធម៌ត្រូវបានផ្តល់ហើយ ហើយមេដឹកនាំភេរវជនរូបនេះលែងមានទៀតហើយ។
មេដឹកនាំអាល់កៃដា អាល់ហ្សាវ៉ាហ៊ីរី ជាគ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបដែលមានតម្លៃក្បាល ២៥លានដុល្លារ ត្រូវបានអាមេរិកចោទប្រកាន់ថា ជួយសម្របសម្រួលការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣.០០០នាក់។ លោក បៃដិន បានសង្កត់ធ្ងន់ថា លោកសង្ឃឹមថា ការសម្លាប់មេដឹកនាំអាល់កៃដារូបនេះ នឹងជួយនាំមកនូវយុត្តិធម៌ដល់គ្រួសារជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។
ការប្រកាសរបស់លោក បៃដិន ខាងលើនេះ បានកើតឡើងជិតមួយឆ្នាំបន្ទាប់ពីយោធាអាមេរិកបានបញ្ចប់ការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលខ្លួនបានឈ្លានពានជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលធ្វើឡើងដោយក្រុមអាល់កៃដាប្រឆាំងនឹងគោលដៅនៅលើទឹកដីអាមេរិក ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




