សេតវិមាន៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកមានសិទ្ធិធ្វើដំណើរទៅកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សេតវិមានបានលើកឡើងថា ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី មិនបានបញ្ជាក់ពីគម្រោងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ទេ ប៉ុន្តែថា លោកស្រីមានសិទ្ធិទៅទស្សនកិច្ចទីនោះ។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក ចន ខើប៊ី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា គ្មានអ្វីបានផ្លាស់ប្តូរអំពីគោលនយោបាយ “ចិនតែមួយ” របស់រដ្ឋាភិបាលអាមេរិកទេ។ លោក ខើប៊ី បន្តថា លោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ស៊ី ជីនពីង ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរបស់ពួកលោកកាលពីសប្តាហ៍មុនថា សភា គឺជាមុខតំណែងឯករាជ្យនៃរដ្ឋាភិបាល ហើយថា លោកស្រី ផេឡូស៊ី អាចធ្វើការសម្រេចចិត្តបានដោយខ្លួនលោកស្រីផ្ទាល់។
ជាមួយគ្នានេះ លោក ខើប៊ី បានចោទប្រកាន់ថា ចិនអាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលនេះ ជាលេសដើម្បីបាញ់មីស៊ីលជុំវិញកោះតៃវ៉ាន់ ឬក៏ប្រើប្រាស់សកម្មភាពបង្កហេតុដោយកងទ័ពជើងអាកាស និងកងទ័ពជើងទឹកទ្រង់ទ្រាយធំ។ លោក ខើប៊ី បន្ថែមទៀតថា ទោះបីជាសហរដ្ឋអាមេរិកនឹងមិនមានការបំភិតបំភ័យក៏ដោយ ប៉ុន្តែសកម្មភាពបែបនេះនឹងធ្វើឱ្យមានការគណនាខុស និងការភាន់ច្រឡំ។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោក Zhang Jun បានព្រមានឲ្យអាមេរិកចេញថ្លៃខូចខាតទាំងស្រុង ប្រសិនបើមានការផ្ទុះអាវុធណាមួយជុំវិញដំណើរទស្សនកិច្ចលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅទស្សនកិច្ចនៅកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធាសភាជាតិអាមេរិករូបនេះ មកដល់ប្រទេសម៉ាឡេស៊ី ហើយគ្រោងបន្តជើងហោះហើរទៅតៃវ៉ាន់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_15-03-00-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_15-02-56-1024x576.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_15-02-58-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_15-02-59-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-02_15-03-00-2-1024x576.jpg)