អ្នកនាំពាក្យក្រសួងព័ត៌មាន៖ របាយការណ៍របស់ OHCHR អំពីសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរឹតត្បិត និងគំរាមកំហែង គឺជាការមិនពិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសេរីភាពសារព័ត៌មាន នៅកម្ពុជាថា ត្រូវបានវាយប្រហារ រឹតត្បិត គំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ។ កន្លងមក ទោះបីជាមានការពន្យល់បកស្រាយបំភ្លឺជាច្រើនលើកច្រើនសាររួចមក ហើយរបស់ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះក៍ដោយ ក៏ក្រុមអ្នកសរសេររបាយការណ៍នេះ មិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិចារណា លើការពន្យល់ បកស្រាយ បំភ្លឺរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធឡើយ។ ចំណុចនេះ បញ្ជាក់បានថា ការសរសេររបាយការណ៍នេះ គឺសរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការចេញផ្សាយរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី០៤ ខែសីហានេះថា ចំពោះរបាយការណ៍នេះ ពុំមានអ្វីប្លែក និងពុំមែនជារឿងថ្មី ដែលត្រូវយកចិត្តទុកដាក់ខ្លាំងពេកនោះទេ ព្រោះក្រុមអ្នកសរសេររបាយការណ៍នេះ ពួកគាត់ប្រមូលព័ត៌មានតែម្ខាង ឬពីមនុស្សមួយក្រុមតូចប៉ុណ្ណោះ ហើយយកមកធ្វើការសន្និដ្ឋាន និងវាយតម្លៃអំពីសេរីភាពសារព័ត៌មាននៅកម្ពុជាថា ត្រូវបានវាយប្រហារ រឹតត្បិត គំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ ជារឿងមិនត្រឹមនោះឡើយ។ ការសរសេររបាយការណ៍មួយគួរប្រមូលព័ត៌មានឱ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ កន្លងមក ទោះបីជាមានការពន្យល់បកស្រាយបំភ្លឺជាច្រើនលើកច្រើនសាររួចមកហើយរបស់ក្រសួងព័ត៌មាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះក៏ដោយ ក៏ក្រុមអ្នកសរសេររបាយការណ៍នេះ មិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិចារណាលើការពន្យល់បកស្រាយបំភ្លឺរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។ ចំណុចនេះ បញ្ជាក់បានថា ការសរសេររបាយការណ៍នេះ គឺសរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ជូនផងដែរថា សេរីភាព សារព័ត៌មាន និងសេរីភាព នៃការបោះពុម្ពផ្សាយនៅកម្ពុជាត្រូវបានធានា និងអនុវត្តយ៉ាងពេញលេញ ដោយច្បាប់របបសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ។ ផ្អែកលើច្បាប់ ដែលមានជាធរមាន អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានអាចបំពេញតួនាទីភារកិច្ចរបស់ពួកគេយ៉ាងពេញលេញ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះទៅស្វែងរក ព័ត៌មាន និងរាយការណ៍ព័ត៌មាន ដែលពួកគេទទួលបានពីប្រភពនានា។ បន្ថែមពីនេះ អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទទួលបាននូវការផ្តល់តម្លៃ និងសិទ្ធិសេរីភាព ដោយស្មើភាពគ្នាតាមផ្លូវគ្មានការរើសអើង ប្រកាន់ និន្នាការ នយោបាយ ឬទស្សនៈផ្ទុយនោះឡើយ។ ព្រមជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានអង្គការសារព័ត៌មានជាតិ និងបរទេសប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈប្រមាណ២១១៧ អង្គភាព ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានអ្នកសារព័ត៌មានជាតិ និងបរទេសប្រមាណជា៦០០០នាក់កំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានព្រឹត្តិការណ៍ ហេតុការណ៍ ដែលបានកើតឡើងជូនសាធារណជនទូទៅ ទាំងក្នុង និងក្រៅប្រទេស បានយ៉ាងទូលំទូលាយ និងសម្បូរបែបគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដូច្នេះស្ថានភាពសេរីភាព សារព័ត៌មាន នៅកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាលំដាប់ មិនមែនមានស្ថានភាពខ្មៅងងឹត ដូចអ្វីដែលបានសរសេរក្នុង របាយការណ៍នេះឡើយ។

ប្រភពដដែលបានបន្តថា នៅកម្ពុជា ក៏មិនខុសប្លែកពីបណ្តាប្រទេសនានាដែរ ការកសាងច្បាប់ និងលិខិតបទដ្ឋាននានា គឺក្នុងគោលបំណងធានានូវការបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិសំដៅធានាបាននូវគោលការណ៍ នីតិរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះរាល់ការកសាងច្បាប់ និងលិខិតបទដ្ឋាននានា ពុំអាចចាត់ទុកថា ជាឧបករណ៍ ក្នុងការបំបិតសិទ្ធិសេរីភាព ឬរឹតត្បិត សិទ្ធិ សេរី ភាពនៃការបញ្ចេញមតិ ឬសេរីភាព សារព័ត៌មាននោះទេ។ ជាក់ស្ដែង ច្បាប់កូវីដ គឺសំដៅធានាការពារសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ទាំងមូល គឺមិនមែន ដើម្បីអ្នកណាម្នាក់ ឬក្រុមណាមួយនោះទេ។ លិខិតបទដ្ឋានផ្សេង ដូចជា ប្រកាសអន្តរក្រសួងលេខ១៧០ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬព័ត៌មាន មិនពិត និងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិត គឺដើម្បីគ្រប់គ្រងការប្រមូលពន្ធជូនរដ្ឋ និងការពារការ ឆបោកតាមអនឡាញ ការផ្សព្វផ្សាយ រូបភាព អាសអាភាស ជាដើម ដែលទាំងអស់នេះ គឺសុទ្ធតែដើម្បីការពារផលប្រយោជន៍ ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ឯកឧត្តមបានអះអាងថា ផ្អែកតាមច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់អ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែរ ហើយអ្វីដែលមានចែង ក្នុងច្បាប់កម្ពុជានេះ ក៏ពុំមែនជាករណីដោយឡែកពីបណ្តាប្រទេសដទៃនោះដែរ។ ក្នុងន័យនេះ ប្រសិនបើអ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានប្រព្រឹត្តខុសច្បាប់ហើយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរកឃើញនូវទោសកំហុស ដែលពួកគេបានប្រព្រឹត្តពួកគេត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។ ការអនុវត្តទោសកំហុសទៅតាមនីតិវិធីច្បាប់ ពុំមែនជាការគំរាមកំហែង ឬបំបិតសិទ្ធិ សេរី ភាពដល់អ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននោះឡើយ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តទៀតថា តាមការសង្កេតរបស់ក្រសួងព័ត៌មាន បច្ចុប្បន្ននេះ ចំនួនស្រ្តីដែលជាអ្នកសារព័ត៌មាន និងធ្វើការពាក់ព័ន្ធនឹងវិស័យព័ត៌មានមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីការទទួលស្គាល់នូវសិទ្ធិស្មើគ្នារវាងស្ត្រី និងបុរសក្នុងបំពេញការងារទៅវិជ្ជាជីវៈ និងសមត្ថភាព។ កន្លងមក មានការលើកឡើងមួយចំនួនអំពីការបៀតបៀនរាងកាយ ឬផ្លូវភេទ ឬហិង្សាលើស្ត្រីជាអ្នកសារព័ត៌មាន ប៉ុន្តែក្រសួងព័ត៌មានពុំដែលបានទទួលនូវការស្នើសុំជួយអន្តរគមន៍ ឬជំនួយផ្លូវច្បាប់ ឬពាក្យបណ្តឹងពីស្រ្តីអ្នកសារព័ត៌មាន ដែលបានទទួលរងពីអំពើខាងលើនោះឡើយ។ ក្នុងករណីមានអំពើ ដូចការលើកឡើងនេះ ក្រសួងព័ត៌មានគាំទ្រ និងលើកទឹកដល់ស្ត្រីអ្នកសារព័ត៌មាន មានភាពក្លាហានក្នុងការដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ មានសមត្ថកិច្ច ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើខាងលើមកលើខ្លួន។ ក្រសួងស្វាគមន៍ ចំពោះកិច្ចការសហការរបស់ជនរងគ្រោះ ភាគីពាក់ព័ន្ធជាពិសេស OHCHR សូមផ្ដល់ព័ត៌មានជាក់លាក់ ចំពោះស្ត្រីអ្នកសារព័ត៌មាន ដែលរងគ្រោះដោយអំពើខាងលើមកក្រសួងព័ត៌មាន ឬផ្តល់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ដើម្បី ការពារ និងរកយុត្តិធម៌ជូនជនរងគ្រោះ។ ប៉ុន្តែបើគ្មានការបញ្ជាក់ជាក់ស្តែងទេ ក្រសួងព័ត៌មានសូមច្រានចោល និងថ្កោលទោសចំពោះអំណះអំណាងបែបនេះថា មានចរិតនយោបាយ ពិសពុល សំដៅបន្ទាបបន្ថោកដល់ រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ក្នុងអំឡុងពេលនៃដំណើរការ នៃបោះឆ្នោត អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានអាចបំពេញការងាររបស់ពួកគេ ដោយ សេរី ក្នុងការផ្សព្វផ្សាយព័ត៌មាននានា ពាក់ព័ន្ធនឹងការបោះឆ្នោត ទៅសាធារណជនដោយគោរពទៅច្បាប់ និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា។ កន្លងមក ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតែបានរៀបចំនូវកម្មវិធីស្មើភាព ចំពោះគណបក្ស នយោបាយនានា ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនីមួយៗ ដោយកម្មវិធីនេះ ត្រូវបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់ ដែលមានវិសាលភាពគ្រប់ដណ្ដប់ទូទាំងប្រទេសដែលអនុញ្ញាតឱ្យគណបក្សនយោបាយនីមួយៗ បានផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ពិនិត្យ ពិចារណា ដើម្បី ធ្វើការសម្រេចចិត្តទៅលើគណបក្ស ដែលពួកគាត់ពេញចិត្ត៕
ដោយ៖ពលជ័យ

ads banner