រដ្ឋបាលព្រៃឈើ៖ ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនដែលមានផ្ទៃដីទំហំជាង ៤០០ហិកតានេះទេ

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅមិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដាំដុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះ សម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។

រដ្ឋបាលព្រៃឈើបន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះ ជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។

រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ។ រដ្ឋបាលព្រៃឈើបានបន្តថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។

សត្វព្រៃដែលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព១០០ភាគរយ ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។
រដ្ឋបាលព្រៃឈើបានលើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការសង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រម៉ាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមក បានធ្វើឱ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner