សម្ដេចតេជោ ហ៊ុន សែន អរគុណសត្រូវ ដែលធ្វើឱ្យសម្ដេចខិតខំសិក្សារៀនសូត្រពីរបៀបការពារសន្ដិភាព ស្ថិរភាព សេដ្ឋកិច្ចកម្ពុជា រហូតទទួលបានសញ្ញាបត្រកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអរគុណដល់សត្រូវរបស់សម្ដេច ដែលធ្វើឱ្យសម្ដេចខិតខំសិក្សារៀនសូត្រពីរបៀបការពារសន្ដិភាព ស្ថិរភាព សេដ្ឋកិច្ចកម្ពុជា រហូតត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលស្គាល់ និងផ្ដល់សញ្ញាបត្រកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពេលសម្ដេច ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២។

បើតាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ទេពកោសល្យដ៏ប៉ិនប្រសប់ និងទស្សនវិស័យច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំឱ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងកម្រិតជាតិ និងអន្តរជាតិនោះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពងខ្ពស់បំផុត ដើម្បីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍» ជូនសម្តេចតេជោ ហ៊ុន សែន ជាំឥស្សរជនជាន់ខ្ពស់កំពូលរបស់ជាតិដំបូងគេ ក្នុងន័យជាការតបស្នងសងគុណ និងដឹងគុណជានិច្ចនិរន្តរ៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាម ជាឥស្សរជនជាន់ខ្ពស់កំពូលរបស់ជាតិទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទដំបូងគេ និងដោយផ្អែកលើការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍលើគ្រប់វិស័យដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ ច្បាប់ សេវាសាធារណៈ ជំនួយមនុស្សធម៌ សាសនា និង “ការដឹកនាំប្រកបដោយគតបណ្ឌិត” ជាពិសេស ការទទួលស្គាល់ និងលើកទឹកចិត្តដល់គំនិត គុណតម្លៃ និងស្នាដៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពិភាក្សា អំពីគំនិតការអភិវឌ្ឍអន្តរជាតិ សន្តិភាព ស្ថិរភាពនយោបាយ អភិបាលកិច្ច និងការអប់រំ ប្រកបដោយចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner