អាស៊ានប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងបរិស្ថាន

ភ្នំពេញ ៖ ប្រមុខការទូតអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើការការពារ និងអភិរក្សបរិស្ថាន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ក្នុងការដោះស្រាយបញ្ហាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព រួមទាំងការប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ប្រទេសអាស៊ាន បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិកាលើការគ្រប់គ្រងសំណល់រួមគ្នា ដើម្បីការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងការរៀបចំទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថានជាដើម ។ ជាមួយគ្នានេះ អាស៊ាន ខិត្តខំពង្រឹងការប្រើសប្រាស់ថាមពលស្អាត ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះផងដែរ។

ប្រមុខការទូតអាស៊ាន បានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់ ការយល់ដឹងអំពីបញ្ហាបរិស្ថានដែលកំពុងកើតមាន និងការប្រែប្រួលអាកាសធាតុ តាមរយៈការអប់រំផ្សព្វផ្សាយ។ ជាមួយគ្នានេះ អាស៊ានក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការការពារ និងអភិរក្សបរិស្ថាន។ បណ្តាប្រទេសអាស៊ាន បានលើកឡើងដូចគ្នា ពីកិច្ចខិតខំប្រឹងប្រែង សម្រាប់ការស្តារប្រទេសឡើងវិញ ពីវិបត្តិជំងឺ COVID-19 ហើយក៏ត្រូវពង្រឹងការគិតគូថែមទៀតដល់ការគ្រប់គ្រងបរិស្ថានឲ្យបានល្អប្រសើរ។ រដ្ឋមន្រ្តីការបទេសអាស៊ានទាំងអស់ បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានសមុទ្រ រួមទាំងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកបោះចោលទៅក្នុងសមុទ្រ។

សូមបញ្ជាក់ថា មេដឹកនាំអាស៊ាន បានលើកទឹកចិត្តដល់ការអនុវត្តទាន់ពេលវេលា នៃក្របខ័ណ្ឌសកម្មភាពអាស៊ាន ស្តីពីការដោះស្រាយ ចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក នៅក្នុងសមុទ្រ និងផែនការសកម្មភាព របស់រដ្ឋជាសមាជិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានសមុទ្រ (2021-2025) ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner